(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា បើសិនជាសហរដ្ឋអាមេរិក ចង់ឱ្យហ្វីលីពីនធ្វើសង្រ្គាមជាមួយចិន យោធាអាមេរិកគួរតែបើកការវាយប្រហារលើចិនជាមុន នោះ ទើបហ្វីលីពីនអាចនៅពីក្រោយអាមេរិកបាន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន RT នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។

លោក ឌូតឺតេ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយនៅឯខេត្ត លៃតេ (Leyte) កាលពីចុងសប្ដាហ៍កន្លងនេះ ហើយក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា តែងតែចាត់ទុកសម្ព័ន្ធមិត្តក្នុងនោះ រួមមានទាំងហ្វីលីពីនត្រឹមតែជា «នុយ» ប៉ុណ្ណោះ។ លោក ឌូតឺតេ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកកំពុងទុកខ្ញុំជានុយ។ តើអ្នកគិតថាហ្វីលីពីនគឺជាជន្លេនឬ?... ឥឡូវនេះខ្ញុំសូមប្រាប់អ្នកថា បើសិនជាអ្នកចង់ឱ្យហ្វីលីពីនធ្វើសង្រ្គាមជាមួយចិន អ្នកគួរតែបញ្ជូនយន្ដហោះចម្បាំង និងនាវា របស់អ្នកមកកាន់សមុទ្រចិនខាងត្បូង ដើម្បីបាញ់ប្រហារលើចិនជាមុន ហើយយើងនឹងនៅពីក្រោយខ្នងរបស់អ្នក»

គួរជម្រាបថា ការលើកឡើងរបស់លោក ឌូតឺតេ ធ្វើឡើងនៅចំពេលកំពុងរងការរិះគន់យ៉ាងខ្លាំងពី អ្នកនយោបាយហ្វីលីពីនជាច្រើន ដោយសារតែលោកផ្ទាល់មិនបានថ្កោលទោសសម្ដីតែម៉ាត់ ក្រោយនាវារបស់ចិនបានពន្លិចទូកនេសាទហ្វីលីពីនមួយគ្រឿង នៅក្នុងដែនទឹកសេដ្ឋកិច្ចផ្ដាច់មុខហ្វីលីពីន នៅសមុទ្រចិនខាងត្បូងកាលពីខែមិថុនាកន្លងទៅ។ ទោះបីជាបែបនេះក្តី ខាងភាគីចិនវិញក៏បានស្នើមកសុំចូលរួមស៊ើបអង្កេត ករណីលិចទូកនេសាទនេះផងដែរ ដើម្បីស្វែងរកការពិតព្រោះចិនបានអះអាង ស្ថានការណ៍កាលណោះ វាមិនដូចជាការលើកឡើងរបស់ហ្វីលីពីននោះឡើយ៕