(តូក្យូ)៖ សារព័ត៌មានជប៉ុន Yomiuri បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមមន្ត្រីជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងជួបគ្នានៅក្នុងកិច្ចប្រជុំមួយ នៅសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីជម្លោះពាណិជ្ជកម្មដែល កំពុងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសល្អក់កករនឹងគ្នា។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។

ជប៉ុន កាលពីសប្ដាហ៍មុន បានដាក់កំហិតលើការលក់វត្ថុធាតុដើមសំខាន់ៗ សម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទស្មាតហ្វូន ព្រមទាំងផលិតផលអេឡិចត្រូនិកជាច្រើនទៀតដល់កូរ៉េខាងត្បូង។ ការសម្រេចចិត្តនេះត្រូវបានទីក្រុងសេអ៊ូលចោទថា ជាការសងសឹករបស់ជប៉ុនទៅនឹងតុលាការ កូរ៉េខាងត្បូង ដែលបង្គាប់កាលពីឆ្នាំ២០១៨ ឱ្យក្រុមហ៊ុនជប៉ុនធំៗដូចជា Nippon Steel និង Mitsubishi ផ្ដល់សំណងដល់ ប្រជាជនកូរ៉េខាងត្បូង ដែលធ្លាប់ត្រូវបានបង្ខំឱ្យធ្វើការដោយគ្មាន ប្រាក់ខែ នៅក្នុងវិស័យឧស្សាហកម្មជប៉ុនអំឡុងសង្រ្គាមលោកលើកទី២។

គួរជម្រាបថា បើតាម Yomiuri កិច្ចប្រជុំខាងលើអាចនឹងធ្វើឡើងនៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែខាង រដ្ឋាភិបាលនៃប្រទេសទាំងពីរ មិនទាន់ប្រតិកម្មឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ៕