(វៀងច័ន្ទ)៖ គ្រប់ស្ថាប័នទាំងអស់នៅក្នុងប្រទេសឡាវ សុទ្ធតែបានបង្ហាញមោទនភាព និងក្ដីត្រេតអរជាខ្លាំងដោយសារការចុះបញ្ជីតំបន់បុរាណមួយរបស់ខ្លួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ហើយនេះគឺជាជោគជ័យ ដ៏អស្ចារ្យមួយរបស់រដ្ឋាភិបាលឡាវ ដែលបានខិតខំប្រឹងប្រែងលើការងារនេះ អស់ជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីជំរុញឱ្យមានការទទួលស្គាល់ជាអន្តរជាតិ លើតំបន់ទីវាលបុរាណអាយុកាលរាប់ពាន់ឆ្នាំរបស់ឡាវ។ នេះបើយោងតាមរយៈការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួរ នាល្ងាចថ្ងៃចន្ទ ទី០៨ ខែកក្តដា ឆ្នាំ២០១៩នេះ។

សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅសម័យប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាគូអា ប្រទេសអាហ្សែបែហ្សង់។ ថ្លែងទៅកាន់អង្គប្រជុំ រដ្ឋមន្រ្តីក្រសួងព័ត៌មានឡាវ និងជាប្រធានគណៈកម្មាធិការជាតិបេតិកភណ្ឌឡាវលោក បូសេងខាំ វង់តារា (Bosengkham Vongdara) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីដែលពាក់ព័ន្ធទាំអស់ ក្នុងដំណើរការនៃការអនុវត្ត និងអនុម័តនេះ។

អង្គការយូណេស្កូបានលើកឡើងថា វាលស្រែពាងបុរាណ ឬវាលក្រឡយក្ស (Plain of Jars) ដែលស្ថិតនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសឡាវ ត្រូវបានគេដាក់ឈ្មោះឱ្យជាង ២ពាន់ពាងដែលមានរាងជាបំពង់ៗ។ ពាងសិលាបុរាណទាំងនេះទៀតសោត ត្រូវបានគេជឿថា ត្រូវបានគេប្រើសម្រាប់ពិធីបុណ្យសពនៅក្នុងយុគសម័យលោហៈ។

ទីតាំងទាំង ១៥ នៃតំបន់ដែលត្រូវបានគេដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ មានផ្ទុកដោយពាងថ្មធំៗ ផ្ទាំងថ្មធំៗ កន្លែងបញ្ចុះសព សិលាចារឹកថ្មកែវ និងវត្ថុតំណាងពិធីបុណ្យផ្សេងៗទៀត ដែលមានអាយុកាលតាំងពី ៥០០មុនគ.ស ដល់ឆ្នាំ៥០០ នៃគ.ស។ ពាង និងវត្ថុធាតុដែលជាប់ទាក់ទង គឺជាភស្តុតាងដ៏លេចធ្លោជាងគេបំផុត នៃអរិយធម៌របស់មនុស្សលោក នៅក្នុងយុគសម័យលោហៈ ដែលត្រូវបានបង្កើត និងប្រើប្រាស់វារហូតមក ដល់សម័យចុងក្រោយនៃយុគសម័យនោះ។

គួរបញ្ចាក់ទៀតថា ការចុះបញ្ជីនេះមានន័យថា វាលស្រែពាងបុរាណ (Plain of Jars) គឺជាបេតិកភណ្ឌពិភពលោកទី ៣ ហើយរបស់ឡាវ។ ខណៈទីក្រុងបុរាណ លួងប្រាបាង (Luang Prabang) ត្រូវបានចុះបញ្ជីកាលពីឆ្នាំ១៩៩៥ ហើយបន្ទាប់មកទៀតគឺប្រាសាទវត្តភូ (Vat Phou) ត្រូវបានចុះបញ្ជីកាលពីឆ្នាំ២០០១៕