(កាលីហ្វរញ៉ា)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ពីរលើក ដែលទើបតែបានវាយប្រហារតំបន់ ប៉ែកខាងត្បូងរដ្ឋកាលីហ្វរញ៉ាផ្ទួនៗគ្នាកាលពីសប្តាហ៍មុន កំពុងបង្កឲ្យពលរដ្ឋអាមេរិកដែលរស់នៅរដ្ឋភាគខាងលិចនេះ ភ័យព្រួយពីអនាគតរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

កាលពីថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក «០៤ ខែកក្កដា» គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានអង្រួនភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា ហើយរំលងគ្នាបានត្រឹមមួយថ្ងៃ រញ្ជួយដីមួយទៀតកម្រិត ៧.‌១រ៉ិចទ័រ ក៏បានកើតមានឡើងនៅក្បែរតំបន់រញ្ជួយដី ៦.៤រ៉ិចទ័រនោះ ខណៈរញ្ជួយដីទាំងពីរគឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់មិនធ្លាប់មានឡើយ នៅរដ្ឋកាលីហ្វរញ៉ាក្នុងអំឡុងពេល ២០ឆ្នាំមកនេះ។

បើតាមអាជ្ញាធរអាមេរិកមួយរយៈចុងក្រោយនេះ សកម្មភាពរំញ័រផែនដីយ៉ាងតិចក៏ ១០០ដែរ បានកើតមានឡើងនៅតាមតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា។ កាលពីថ្ងៃអាទិត្យ អាជ្ញាធរអាមេរិកបានជួបជាមួយប្រជាពលរដ្ឋ ដែលមានក្តីព្រួយបារម្ភពីអនាគតរបស់ពួកគេ ដើម្បីឆ្លើយសំណួរខ្លះៗ និងជជែកពីកិច្ចប្រឹងប្រែងដើម្បីស្តារសហគមន៍ ដែលរងការប៉ះពាល់ដោយរញ្ជួយដីឡើងវិញ។ ទន្ទឹមគ្នានេះមនុស្សភាគច្រើនក៏ភ័យព្រួយដែរថា គ្រោះរញ្ជួយដីកម្រិតធ្ងន់អាចនឹងកើតមានជាបន្តបន្ទាប់ទៀត នៅរដ្ឋកាលីហ្វរញ៉ា ភាគខាងត្បូងអាមេរិក។

គួរជម្រាបថា គ្រោះរញ្ជួយដីទាំងពីរខាងលើបានបង្កឲ្យខូចខាតអគារជាច្រើន រួមជាមួយផ្លូវថ្នល់ បង្គោលភ្លើងជាដើម ប៉ុន្តែពុំបានបង្កឲ្យមានមនុស្សបាត់បង់ជីវិតឡើយ ដោយគ្រាន់តែមានអ្នករងរបួសស្រាលបន្តិចបន្តួចប៉ុណ្ណោះ។ ចំណុចរំញ័រនៃរញ្ជួយដីទាំងពីរ បានកើតមាននៅក្បែរក្រុង រ៉ៃដ៍ហ្គិករែសត៍ (Ridgecrest) ខាងជើងទីក្រុង ឡូសអាន់ជែឡេស (Los Angeles)៕