(ហុងកុង)៖ ប៉ូលិសហុងកុងបានចាប់ខ្លួនបាតុករចំនួន ០៦នាក់កំឡុងបាតុកម្មកាលពីថ្ងៃអាទិត្យ ដែលត្រូវបានបន្តធ្វើឡើង ដើម្បីប្រឆាំងនឹងច្បាប់ស្តីពីការធ្វើបត្យាប័នដ៏ចម្រូងចម្រាសមួយ បើទោះបីជាមានការបន្ទន់ឥរិយាបថពីអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) យ៉ាងណាក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

អ្នករៀបចំបាតុកម្មខាងលើបានអះអាងថា មនុស្សប្រមាណ ២៣០,០០០នាក់ បានដង្ហែរក្បួនបាតុកម្មនៅលើដងផ្លូវកូវលូន (Kowloon) ដែល វាគឺជាសកម្មភាពតវ៉ាថ្មីចុងក្រោយបំផុត ដែលមានគោលដៅប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យ ទៅឲ្យអាជ្ញាធរចិនដីគោក និងប្រទេសផ្សេងទៀត។ ដោយឡែកប៉ូលិសបានអះអាងថា ចំនួនបាតុករច្រើនបំផុតគឺត្រឹម ៥៦,០០០នាក់។ ខណៈការប៉ះទង្គិចគ្នាដោយហិង្សាបានកើតឡើងរវាងភាគីទាំងពីរ អ្នកតវ៉ាសរុប ០៦នាក់ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន។

គួរជម្រាបថា កាលពីខែមុនលោកស្រី Lam សម្រេចចិត្តផ្អាកការអនុម័តច្បាប់ដ៏ចម្រូងចម្រាសខាងលើ ក្រោយភាពតានតឹងបានផ្ទុះឡើងខ្លាំង កំឡុងបាតុកម្មនាពេលនោះ ប៉ុន្តែលោកស្រីមិនបានលុបវាចោលទាំងស្រុងឡើយ ខណៈក្រុមតវ៉ាចង់ឲ្យបោះបង់ចោលផែនការនេះទាំងស្រុងតែម្តង ហើយទាមទារឲ្យលោកស្រីចុះចេញពីតំណែងថែមទៀត។ កាលពីដើមខែកក្កដានេះ ដែលជាខួបនៃការប្រគល់ហុងកុង ពីដៃអង់គ្លេសទៅឲ្យចិនគ្រប់គ្រងវិញនោះ ក្រុមបាតុករក៏បានសម្រុកចូលលុកលុយអគារសភាហុងកុងផងដែរ៕