(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានស្នើជាថ្មីម្ដងទៀតឱ្យជប៉ុន លុបចោលការដាក់ កំហិតលើការលក់វត្ថុធាតុដើម សម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទដៃស្មាតហ្វូន ប្រឆាំងនឹងទីក្រុងសេអ៊ល កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Hong Nam-ki បានគូសបញ្ជាក់ដូច្នេះថា៖ «ការដាក់កំហិតការនាំចេញរបស់ជប៉ុន គួរតែត្រូវបានលុបចោល... ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងផ្ដល់ការគាំទ្រនានា ដើម្បីជួយកាត់បន្ថយហានិភ័យ ឬការខូចខាតរបស់បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូង ដែលរងផលប៉ះពាល់ពីការដាក់កំហិតនេះ»

គួរបញ្ជាក់ថា ចំណាត់ការដាក់កំហិតនាំចេញវត្ថុធាតុដើម ផ្នែកបច្ចេកវិទ្យារបស់ជប៉ុនទៅកាន់ កូរ៉េខាងត្បូង គឺបានកើតចេញមកពីសេចក្តីសម្រេចរបស់តុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំមុន ជុំវិញរឿងការធ្វើពលកម្មដោយបង្ខិតបង្ខំ ទៅលើប្រជាជនកូរ៉េខាងត្បូង កាលពីសម័យអាណានិគមជប៉ុន។

តុលាការកូរ៉េខាងត្បូង បានកាត់សេចក្តីឲ្យជប៉ុនផ្តល់សំណងដល់ពលរដ្ឋកូរ៉េខាងត្បូង ដែល ត្រូវបានបង្ខំឲ្យធ្វើការឲ្យក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel អំឡុងសម័យសង្រ្គាម លោកលើកទីពីរ ខណៈទីក្រុងតូក្យូមិនទទួលស្គាល់ការសម្រេចនេះឡើយ។ ចំណែកឯ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple, Huawei, Samsung, និង LG ជាដើមក៏នឹងត្រូវ ប្រឈមនឹងការក្លាយជាអ្នករងគ្រោះផងដែរ៕