(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានប្រកាសថានឹងចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមឱ្យលើសពី ៣.៦ភាគរយក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវបានដាក់កំហិតនៅ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ក៏បាន បញ្ជាក់ដែរថា ទីក្រុងតេហេរ៉ង់នឹងកាត់បន្ថយ ឬក៏លុបចោលការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជារៀងរាល់៦០ថ្ងៃម្ដង។ លោកបន្ថែមថាអ៉ីរ៉ង់ពិតជាមានឆន្ទៈសង្រ្គោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប៉ុន្តែសហភាពអឺរ៉ុបបានបរាជ័យក្នុងការបង្ហាញពីការប្ដេជ្ញាចិត្ត របស់ខ្លួន ដោយបណ្ដោយឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយឯកតោភាគី ហើយដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ឡើងវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ អ៉ីរ៉ង់ក៏បានប្រកាសចាប់ផ្ដើមចម្រាញ់ និងស្ដុក ទុកសារធាតុអ៊ុយរ៉ាញ៉ូមឱ្យលើស៣០០គីឡូក្រាម ដែលត្រូវបានដាក់កំហិតផងដែរ។ ប៉ុន្តែទន្ទឹមគ្នា លោក ដូណាល់ ត្រាំ បានព្រមានថាការធ្វើបែបនេះរបស់អ៉ីរ៉ង់ គឺជាទង្វើលេងជាមួយភ្លើង ដោយ មិនទាន់ប្រកាសពីការចាត់វិធានការណាមួយឡើយ៕