(អាមេរិក)៖ រដ្ឋកាលីហ្វ័រញ៉ាបានជួបនឹងគ្រោះរញ្ជួយដីជាច្រើនដងនៅដើមសប្ដាហ៍នេះ ប៉ុន្តែនៅថ្ងៃសៅរ៍ ទី០៦ ខែកក្តដានេះ គឺទទួលរងធ្ងន់ធ្ងរជាងគេ ដោយកម្លាំងនៃគ្រោះរញ្ជួយដីមានទំហំរហូតទៅដល់ «៧.១រ៉ិចទ័រ» ជាកម្រិតធ្ងន់បំផុតមិនធ្លាប់មាន ២០ឆ្នាំមកហើយ។ រហូតមកដល់ពេលនេះអាជ្ញាធរ នៅមិនទាន់ទទួលបានរបាយការណ៍ថា មានជនរងគ្រោះដោយសារតែគ្រោះរញ្ជួយនេះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

ពិធីការិនីទូរទស្សន៍ព័ត៌មានអាមេរិកមួយរូបឈ្មោះ សារ៉ា ដុនឆី (Sara Donchey) នៅខណៈពេលដែលនាងកំពុងតែផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ក៏មានអារម្មណ៍ថា មានគ្រោះរញ្ជួយដីកំពុងតែវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ដោយមិនបង្អង់រងចាំកម្មវិធីចប់ នាងក៏ក្រាមលាក់ខ្លួនក្រោមតុបាត់ទៅ។ នាងបាននិយាយថា «ដូចជាមានការរញ្ជួយដីខ្លាំងណាស់... ខ្ញុំគិតថាជាការល្អយើងត្រូវតែលាក់ខ្លួនក្រោមតុទៅ»

គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក បានទទួលរងការវាយប្រហារដោយការរញ្ជួយដីខ្លាំងៗ ជាលើកទីពីរហើយនៅសប្តាហ៍នេះ។ បើយោងតាមមេបញ្ជាការប៉ូលិសរដ្ឋកាលីហ្វ័រនីញ៉ាលោក ហ្សេដ ម៉ាកឡាសលីន (Jed McLaughlin) បានឲ្យដឹងថា របាយការណ៍ដែលចេញពីចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ គេឃើញមានតែជនរងរបួសស្រាលមួយចំនួនប៉ុណ្ណោះ៕