(កាលីហ្វរញ៉ា)៖ រដ្ឋកាលីហ្វញ៉ា បានសម្រេចអនុម័តច្បាប់ប្រឆាំងនឹងការរើសអើងថ្មីមួយ កាលពីថ្ងៃពុធសប្តាហ៍នេះ។ ច្បាប់នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីការពារភាពរើសអើងប្រឆាំងនឹង ស្ទីលម៉ូដសក់លក្ខណៈធម្មជាតិរបស់ជាតិសាសន៍អាហ្រ្វិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។

អភិបាលរដ្ឋកាលីហ្វរញ៉ា គឺលោកហ្គេវិន ញ៊ូស៊ាំ (Gavin Newsom) បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា «នៅរដ្ឋកាលីហ្វរញ៉ា មិនថាពួកគេមកពីណា មិនថាពួកគេស្រឡាញ់អ្វី មិនថាពួកគេនិយាយភាសាអ្វី... និងមិនថាពួកគេមានម៉ូដសក់បែបណាឡើយ... យើងអបអរចំពោះការរួមចំណែករបស់មនុស្សគ្រប់គ្នា»។ ច្បាប់ថ្មីនេះ គឺជាការកែសម្រួលនូវច្បាប់ប្រឆាំងការរើសអើង របស់រដ្ឋកាលីហ្វរញ៉ា ដោយបន្ថែមលក្ខណៈធម្មជាតិទាំងនោះដែលជា ប្រវត្តិសាស្ត្រមានជាប់ទាក់ទងនឹងពូជសាសន៍ ចូលទៅក្នុងអត្តសញ្ញាណរបស់ពូជសាសន៍នីមួយៗ»

ច្បាប់ថ្មីខាងលើ ត្រូវបានផ្តួចផ្តើមឡើង ដោយសារមានតែករណីមួយចំនួននៃការរើសអើងពូជសាសន៍ ដែលពាក់ព័ន្ធស្ទីលម៉ូដសក់ រួមមានករណីស្ត្រីជាពលរដ្ឋអាមេរិក មានពូជអម្បូរអាហ្វ្រិកម្នាក់ ដែលទំនងជាបានត្រូវបានគេបណ្តេញចេញពីការងារ ព្រោះតែនាងក្រងសក់តាមបែបប្រពៃណីអាហ្រ្វិកនៅកន្លែងធ្វើការ និងការខឹងសម្បាររបស់សាធារណជន នៅពេលដែលអាជ្ញាកណ្តាលម្នាក់ ក្នុងរដ្ឋញ៊ូចឺស៊ី (New Jersey) ឈ្មោះ អាឡាន់ ម៉ាហូនីយ៍ (Alan Mahoney) បានបង្ខំអ្នកចំបាប់វ័យក្មេងម្នាក់ ដែលមានពូជអម្បូរអាហ្រ្វិកដូចស្រ្តីខាងលើដែរ ឱ្យកាត់សក់ក្រងរបស់ខ្លួនចេញ បើមិនចង់ត្រូវបោះបង់ចោលការប្រកួតទេនោះ។

គួរជម្រាបថា ស្ត្រីស្បែកខ្មៅនៅអាមេរិក កំពុងតែរួមគ្នាតស៊ូប្រឆាំងនឹងគំនិតរបស់ក្រុមជនជាតិស្បែកសស្តីពី ការសម្អិតសម្អាងខ្លួននៅកន្លែងធ្វើការ ក៏ដូចជាទប់ទល់នឹងសម្ពាធនៅកន្លែងការងារ ដែលតែងតែទាមទារឱ្យស្ត្រីស្បែកខ្មៅតុបតែងសក់របស់ពួកគេ ឲ្យដូចទៅហ្នឹងជាក្រុមស្ត្រីស្បែកស។ ចលនាជំរុញឱ្យមាន «សមភាពនៃអត្តសញ្ញាណ» នេះ បានឈានដល់កម្រិតខ្ពស់បំផុតនៃអំណាច ពោលគឺបានឡើងទៅដល់ក្នុងសភារបស់សហរដ្ឋអាមេរិកផ្ទាល់តែម្តង ដោយមានស្រ្តីស្បែកខ្មៅពីររូបជាសមាជិក ដែលពាក់ស្ទីលម៉ូដសក់បែបអាហ្រ្វិក៕