(ទ្រីប៉ូលី)៖ មន្ត្រីអង្គការសហប្រជាជាតិម្នាក់ បានចាត់ទុកថាការវាយប្រហារតាមផ្លូវអាកាសលើ មន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ ដែលបានផ្ដាច់ជីវិតមនុស្ស៤៤នាក់ នៅឯជាយទីក្រុងទ្រីប៉ូល ប្រទេស លីប៊ី អាចជាបទឧក្រិដ្ឋសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរលីប៊ីក្នុងទីក្រុងទ្រីប៉ូលី មនុស្សយ៉ាងហោចណាស់ ៤៤នាក់ត្រូវបានសម្លាប់ និងច្រើនជាង១៣០នាក់ រងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើមន្ទីរឃុំឃាំង ជនអន្តោប្រវេសន៍ខុសច្បាប់ Tajoura ស្ថិតនៅជាយទីក្រុងទ្រីប៉ូលី។ ជនរងគ្រោះភាគច្រើនគឺជា ជនអន្តោប្រវេសន៍ដែលកំពុងជាប់ឃុំក្នុងមន្ទីរឃុំឃាំង Tajoura ជាទីដែលមានជនអន្តោប្រវេសន៍ ៦០០នាក់កំពុងស្ថិតនៅ។

គួរបញ្ជាក់ថា មិនទាន់មានភាគីណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ខណៈកងកម្លាំងរដ្ឋាភិបាលទ្រីប៉ូលី និងកងកម្លាំងរដ្ឋាភិបាលភាគខាងកើតលីប៊ី កំពុងចោទប្រកាន់ ដាក់គ្នាទៅវិញទៅមក៕