(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីទើបតែបានបាញ់ធ្វើតេស្តមីស៊ីលថ្មីមួយទៀត ដែលជាប្រភេទអាវុធអាចប្រឆាំងតទល់ នឹងគ្រាប់មីស៊ីលផ្លោងបាលីស្ទិក។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កងទ័ពអាកាសរុស្ស៊ី បានទទួលជោគជ័យក្នុងការបាញ់តេស្តមួយផ្សេងទៀត នៃមីស៊ីលស៊េរីថ្មី ដែលមានតួនាទីកម្ទេចមីស៊ីលផ្លោង ខណៈការសាកល្បងសព្វាវុធនេះបានប្រព្រឹត្តទៅនៅក្នុង មូលដ្ឋាន សារីហ្សាហ្គេន (Sary Shagan) នៃប្រទេសកាហ្សាក់ស្ថាន។ ក្រសួងការពារជាតិរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតអ្វីផ្សេង ក្រៅតែពីលើកឡើងថា វាពុំមែនជាការធ្វើតេស្តលើកទីមួយរបស់មីស៊ីលខាងលើឡើយ។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០១១ ទីក្រុងម៉ូស្គូ បានធ្វើតេស្តមីស៊ីលប្រភេទប្រឆាំងគ្រាប់មីស៊ីលផ្លោងបាលីស្ទិក យ៉ាងហោចណាស់ម្តងទៅពីរដងក្នុងមួយឆ្នាំៗ នៅឯមូលដ្ឋាន Sary Shagan ប៉ុន្តែកាលពីឆ្នាំ២០១៨ គឺមានការសាកល្បងមីស៊ីលប្រភេទនេះដល់ទៅ ០៥ដង ខណៈកាលពីដើមខែមិថុនា ក៏មានការធ្វើតេស្តម្តងរួចមកហើយដែរ៕