(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចមកកាន់សេតវិមាន សហរដ្ឋអាមេរិក នៅពេលវេលាស័ក្តិសម ណាមួយ។ ការអញ្ជើញនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានជួបលោក គីម នៅឯតំបន់​ព្រំដែនគ្មានយោធាអន្តរកូរ៉េ ហើយជំនួបនេះក៏បានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីអាមេរិកកំពុង កាន់អំណាចដំបូងគេបំផុតដែលជាន់ទឹកដីកូរ៉េខាងជើងផងដែរ។

ខាងកូរ៉េខាងជើងមិនទាន់ឆ្លើយតបនៅឡើយទេ ដោយបញ្ជាក់ថាមិនទាន់ទទួលបានការអញ្ជើញ ផ្លូវការពីភាគីអាមេរិក។ ប៉ុន្តែទោះមិនទាន់ឆ្លើយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅក្នុង សប្ដាហ៍នេះបានសម្ដែងការសាទរចំពោះជំនួបរវាងលោក ត្រាំ និងលោក គីម កាលពីថ្ងៃអាទិត្យ និង ចាត់ទុកវាជា«ជំនួបដ៏អស្ចារ្យ»។

* លោក គីម ជុងអ៊ុន នឹងយកជើងជាន់ដីអាមេរិក?

ជំនួបរវាងលោក ត្រាំ និងលោក គីម នៅតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ កាលពីថ្ងៃអាទិត្យ បាន ធ្វើឱ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក កំពុងកាន់អំណាចដំបូងគេបំផុតដែល បានចូលទៅក្នុងទឹកដីកូរ៉េខាងជើង។ ជំនួបនេះត្រូវបានបណ្ដាប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរួមទាំង កូរ៉េខាងជើង ចាត់ទុកថាជាជំនួបប្រវត្តិសាស្ត្រ ខណៈក្រុមអ្នកជំនាញខ្លះរំពឹងថាលោក គីម នឹង ឆ្លើយតបទៅវិញជាវិជ្ជមាន តាមរយៈការពិចារណាលើការអញ្ជើញមកកាន់សហរដ្ឋអាមេរិក របស់ លោក ត្រាំ។

តាមការពិតទៅជំនួបរវាងត្រាំ-គីម កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដើម្បពិភាក្សាការងារជាមួយលោក គីម មុននឹងត្រូវលោក ត្រាំ នៅកិច្ចប្រជុំ G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុ​ន។ ម្យ៉ាងវិញទៀត ទោះបីជាមិនមានការបញ្ជាក់ថា ជំនួបនេះមានជាប់ពាក់ព័ន្ធនឹងជំនួបត្រាំ-គីមក៏ដោយ ប៉ុន្តែជារឿយៗ លោក ត្រាំ តែងតែអំពាវនាវឱ្យចិនជួយដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង ហើយគេក៏ដឹងដែរ ថាបើគ្មានចិន ក៏គ្មានជំនួបណាមួយអាចកើតឡើងដែរ។

ដូច្នេះហើយ មជ្ឈដ្ឋានមួយចំនួនយល់ថា ចិននឹងព្យាយាមបញ្ចុះបញ្ចូលឱ្យលោក គីម ជុងអ៊ុន ជួបចរចាជាមួយលោក ដូណាល់ ត្រាំជាថ្មី ឬក៏ទទួលយកការអញ្ជើញមកទស្សនកិច្ចនៅអាមេរិក តែម្ដង ជាថ្នូរនឹងការបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្ម។ ជាក់ស្ដែង ជុំវិញបញ្ហានេះ បើតាមអ្នកជំនាញ នយាបាយកូរ៉េ ដូចជាលោក Steven Borowiec លោក ដូណាល់ ត្រាំ អាចនឹងរិះរកមធ្យោបាយ បញ្ចុះបញ្ចូលឱ្យលោក គីម បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក ដើម្បីទាក់ទាញ
ប្រជាប្រិយភាព មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ ក៏ដូចជាបង្ហាញប្រជាជនអាមេរិក ថាលោកគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើឱ្យសត្រូវដូចជាកូរ៉េខាងជើង មកក្លាយជាមិត្តរបស់ សហរដ្ឋអាមេរិក។

* តើអាមេរិក និងកូរ៉េខាងជើង អាចក្លាយជាមិត្តនឹងគ្នាឬទេ?

ផ្អែកលើផលប្រយោជន៍នយោបាយ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចមាន ភាពល្អប្រសើរនឹងគ្នា ប៉ុន្តែបើយកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រមកនិយាយ ប្រទេសទាំងពីរទំនងជា មិនអាចក្លាយជាមិត្តនឹងគ្នាឡើយ។ ដ្បិតបច្ចុប្បន្ន កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ហើយថែមទាំង មានចិនជាខ្នងបង្អែកទៀត។ សហរដ្ឋអាមេរិក ធ្លាប់បានអះអាងថាខ្លួននឹងមិនបន្ធូរបន្ថយការដាក់ ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងនោះទេ រហូតទាល់តែរបបដឹកនាំលោក គីម ជុងអ៊ុន លុបបំបាត់ចោល អាវុធនុយក្លេអ៊ែរជាមុនសិន ពោលគឺមិនអាចបណ្ដោយឱ្យកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ និងសេដ្ឋកិច្ចរឹងមាំព្រមគ្នានោះទេ។

ចំណែកឯ កូរ៉េខាងជើង ក៏ដឹងខ្លួនយ៉ាងច្បាស់ផងដែរថា ទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបមាន សុវត្ថិភាព ព្រមទាំងមានទឹកមាត់ប្រៃនិយាយជាមួយសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត ទីក្រុងព្យុងយ៉ាងមិនអាចទុកចិត្តលោក ដូណាល់ ត្រាំ ១០០ភាគរយនោះទេ ខណៈកងទ័ពអាមេរិក រាប់ម៉ឺននាក់កំពុងឈរជើងនៅកូរ៉េខាងត្បូង និងជប៉ុន។

និយាយឱ្យងាយស្ដាប់សហរដ្ឋអាមេរិក ទំនងជាមិនអាចដកទ័ពចេញពីកូរ៉េខាងត្បូង និងជប៉ុនឡើយ ពីព្រោះវត្តមានកងទ័ពទាំងនេះគឺក៏ទុកសម្រាប់ឃ្លាំមើលទាំងចិន និងរុស្ស៊ីផងដែរ រីឯកូរ៉េខាងជើងវិញ នៅតែត្រូវរក្សាទុកអាវុធនុយក្លេអ៊ែរដូចគ្នា ដើម្បីការពារខ្លួន៕

ប្រភព៖ CNA (ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩)