(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា ចិនបានចល័តក្បួននាវាដឹកយន្តហោះចម្បាំង Liaoning ឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ដែលខណ្ឌចែកដែនដីទាំងពីរ៕

 

២៖ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងគ្រប់គ្រងសភាអាមេរិកនោះបានយល់ព្រម អនុម័តលើកញ្ចប់ថវិកា ៤.៥ពាន់លានដុល្លារ ដើម្បីយកទៅជួយគាំទ្រដល់កិច្ចការជំនួយមនុស្សធម៌សម្រាប់ ជនអន្តោប្រវេសន៍ ដែលកំពុងជាប់គាំងនៅតំបន់ព្រំដែនភាគខាងត្បូង៕

 

៣៖ រដ្ឋាភិបាលអ៊ីរ៉ាក់នឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន នៅលើទឹកដីប្រទេសនេះ ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់នោះឡើយ៕

 

៤៖ ស្ថានទូតចិនប្រចាំនៅទីក្រុងអូតាវ៉ាបានឲ្យដឹងថា ទីក្រុងប៉េកាំងបានស្នើឲ្យកាណាដាផ្អាកនូវរាល់ការនាំចេញ ផលិតផល សាច់គ្រប់ប្រភេទទៅកាន់ប្រទេសចិន ក្រោយរកឃើញមានអាជ្ញាប័ណ្ណក្លែងបន្លំ ភ្ជាប់ជាមួយផលិតផល សាច់ជ្រូកមួយក្រុម។ ស្របពេលជាមួយគ្នា ប៉ូលិសកាណាដាក៏បានបើកការស៊ើបអង្កេតមួយផងដែរ៕

 

៥៖ ប្រធានាធិបតីស្រីលង្កាលោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) នៅថ្ងៃពុធនេះបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងជម្រុញឱ្យមានការអនុវត្ត ការកាត់ទោសប្រហារជីវិតឡើងវិញទៅលើពិរុទ្ធជន ០៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន៕

 

៦៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS នៅថ្ងៃពុធនេះបានឱ្យដឹងថា គ្រោះញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារលើតំបន់ព្រំដែនរវាងប្រទេសប៉ាណាម៉ា និងកូស្ដា រីកានៃតំបន់អាមេរិកកណ្តាល៕