(ម៉ូស្គូ)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានព្រមានទុកជាមុនថា យោធាអ៊ីរ៉ង់នឹងចាត់ វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងរាល់ការរំលោភបំពានជាថ្មីរបស់សហរដ្ឋអាមេរិក លើព្រំដែនអ៊ីរ៉ង់ ខណៈលោក ដូណាល់ ត្រាំ ក៏ទើបតែប្រកាសផងដែរថា អាមេរិកនឹងធ្វើការតបតវិញ ដោយគ្មានត្រាប្រណីឡើយ បើអ៊ីរ៉ង់ហ៊ានធ្វើការវាយប្រហារណាមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ការព្រមានខាងលើរបស់លោក រូហានី ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី បារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅក្នុងសប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជា សហរដ្ឋអាមេរិករំលោភបំពានដែនអាកាស និងដែនទឹកអ៊ីរ៉ង់សាជាថ្មី នោះកងកម្លាំងយោធអ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត»។

គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្ទើតែផ្ទុះទៅជាជម្លោះប្រដាប់ទៅហើយ បន្ទាប់ពីអ៉ីរ៉ង់បាញ់ទម្លាក់យន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង។ ចំណែកឯលោក ដូណាល់ ត្រាំ ក៏បានបញ្ជាឱ្យកងទ័ពអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់វិញដែរ តែលោកលុបចោលបញ្ជា នេះទៅវិញក្រោយពេលតែ ១០វិនាទី។

សហរដ្ឋអាមេរិកចោទអ៊ីរ៉ង់ថា បានបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួន នៅក្នុងដែនអាកាសអន្តរជាតិលើច្រកសមុទ្រ Hormuz តែទីក្រុងតេហេរ៉ង់វិញបានបដិសេធ និងឆ្លើយតបទៅអាមេរិកវិញថា យន្ដហោះនេះត្រូវបានបាញ់ទម្លាក់ នៅពេលវាយហោះរំលោភចូលដែនអាកាសរបស់អ៊ីរ៉ង់ ខណៈបំណែករបស់ដ្រូន ត្រូវបានអ៊ីរ៉ង់ស្រង់ចេញពីក្នុងដែនទឹករបស់ខ្លួនថែមទៀតផង៕