(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កាលោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) នៅថ្ងៃពុធនេះបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងជម្រុញឱ្យមានការអនុវត្ត ការកាត់ទោសប្រហារជីវិតឡើងវិញទៅលើពិរុទ្ធជន ០៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងកូឡុំបូ លោក Sirisena បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានចុះហត្ថលេខារួចហើយលើការអនុញ្ញាត ឲ្យមានកាត់ទោស​ប្រហារជីវិតចំពោះពិរុទ្ធ ០៤នាក់... ទោសនេះនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ ហើយយើងក៏បានសម្រេចចិត្តពីកាលបរិច្ឆេទរួចរាល់ហើយដែរ»។ ប៉ុន្តែលោក Sirisena មិនបានបញ្ជាក់លម្អិតពីឈ្មោះពិរុទ្ធជន ឬកាលបរិច្ឆេកកាត់ទោសប្រហារជីវិតឡើយ។

គួរជម្រាបថា ការកាត់ទោសប្រហារជីវិតលើកចុងក្រោយបំផុត នៅក្នុងប្រទេសស្រីលង្កា ត្រូវបានធ្វើឡើងកាលពីជាង ៤៣ឆ្នាំមុនឯណោះ។ ការអនុវត្តន៍ទោសប្រហារជីវិតឡើងវិញ ចំពោះបទឧក្រិដ្ឋកម្មគ្រឿងញៀននេះត្រូវបានគេមើលឃើញថា ជាវិធានការក្តៅដើម្បីទប់ទល់នឹង​បទល្មើសគ្រឿងញៀនគ្រប់ទម្រង់ នៅលើប្រទេសដីកោះមួយនេះ៕