(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអ៊ីរ៉ាក់នឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន នៅលើទឹកដីប្រទេសនេះ ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់នោះឡើយ។ នេះបើតាមសម្តីប្រធានាធិបតីអ៊ីរ៉ាក់ ដកស្រង់ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ប្រធានាធិបតីអ៊ីរ៉ាក់លោក បាហាម សាលីហ៍ (Barham Salih) ធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយ CNN នៅសប្ដាហ៍នេះ និងទំនងជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបាននិយាយថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមានយោធានៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីងាយស្រួលឃ្លាំមើលអ៊ីរ៉ង់។ លោក Barham បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនអនុញ្ញាតឱ្យទឹកដីរបស់ យើងត្រូវបានគេប្រើប្រាស់ជាមូលដ្ឋាន ក្នុងការធ្វើសកម្មភាពប្រឆាំងនឹងប្រទេសជិតខាងណាមួយ របស់យើងជាដាច់ខាតក្នុងនោះរួមទាំងអ៊ីរ៉ង់»

គួរជម្រាបថា សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពរាប់ពាន់នាក់ ចូលឈ្លានពានផ្ដួលរំលំរបបដឹកនាំ លោក សាដដាំ ហូសេន នៅឆ្នាំ២០០៣ ហើយបានដកកងទ័ពរបស់ខ្លួនចេញពីអ៊ីរ៉ាក់ទាំងស្រុងនៅ ឆ្នាំ២០១១។ ប៉ុន្តែ ០៣ឆ្នាំក្រោយមក កងទ័ពអាមេរិកត្រូវបានបញ្ជូនមកកាន់ប្រទេសអ៊ីរ៉ាក់ជាថ្មី ដើម្បីជួយរដ្ឋាភិបាលទីក្រុងបាកដាដ ប្រយុទ្ធជាមួយពួក ISIS។ កងទ័ពអាមេរិក ៥,០០០នាក់ ត្រូវបានគេរាយការណ៍ថា កំពុងឈរជើងនៅអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៨មក។ សម្រាប់ព្រំដែនអ៊ីរ៉ាក់ និងអ៊ីរ៉ង់ វិញគឺមានប្រវែងរហូតដល់ទៅជិត ៦,០០០គីឡូម៉ែត្រឯណោះ៕