(អូតាវ៉ា)៖ ស្ថានទូតចិនប្រចាំនៅទីក្រុងអូតាវ៉ាបានឲ្យដឹងថា ទីក្រុងប៉េកាំងបានស្នើឲ្យកាណាដាផ្អាកនូវរាល់ការនាំចេញផលិតផល សាច់គ្រប់ប្រភេទទៅកាន់ប្រទេសចិន ក្រោយរកឃើញមានអាជ្ញាប័ណ្ណក្លែងបន្លំ ភ្ជាប់ជាមួយផលិតផលសាច់ជ្រូកមួយក្រុម។ ស្របពេលជាមួយគ្នា ប៉ូលិសកាណាដាក៏បានបើកការស៊ើបអង្កេតមួយផងដែរ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ស្ថានទូតចិនបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដើម្បីការពារសុវត្ថិភាពរបស់អតិថិជនចិន រដ្ឋាភិបាលចិនបានសម្រេចចាត់វិធានការទប់ស្កាត់ជាបន្ទាន់ និងបានស្នើឲ្យរដ្ឋាភិបាលកាណាដា ផ្អាកការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការនាំចេញ ផលិតផលសាច់ទៅកាន់ប្រទេសចិន ដោយគិតចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះតទៅ»។ ខណៈនេះប៉ូលិសកាណាដាបាន និងកំពុងធ្វើការស៊ើបអង្កេតលើករណីនេះផងដែរ។

គួរជម្រាបថា បើតាមរដ្ឋមន្រ្តីកសិកម្មកាណាដា លោកស្រី ម៉ារី ក្លូដប៊ីប៊ីយ៉ូ (Marie-Claude Bibeau) អាជ្ញាធរចិនបានបង្កើតការត្រួតពិនិត្យជាខ្លាំង លើផលិតផលនាំចូលពីកាណាដា ចំពោះមុខទំនាក់ទំនងមិនល្អជាមួយគ្នា ដែលកើតចេញមកពីការចាប់ខ្លួននាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei នៅកាណាដា តបតាមសំណើរបស់អាមេរិក។ ជាការឆ្លើយតបចិនបានឃាត់ខ្លួនជនជាតិកាណាដាពីរនាក់ និងបិទការនាំចូលផលិតផលកសិកម្ម ក្នុងទំហំរាប់ពាន់លានដុល្លារពីកាណាដា៕