(ម៉ូស្គូ)៖ ធនាគារប្រជាជនចិនបានទិញមាសច្រើនជាង ៧០តោន ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨មក ដែលនេះជាចេតនាមួយចង់ធ្វើឲ្យខ្លួន អាចឃ្លាតចេញឱ្យឆ្ងាយពីឥទ្ធិពលលុយដុល្លារអាមេរិក ខណៈកំពុងធ្វើសង្រ្គាមដំឡើងពន្ធយ៉ាងក្តៅគគុក ជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមរបាយការណ៍ពី ក្រុមប្រឹក្សាធនធានមាសពិភពលោក World Gold Council (WGC) ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ទន្ទឹមគ្នានោះដែរ បើតាមក្រុមអ្នកជំនាញការបង្កើនការទិញមាសរបស់ចិនធ្វើឡើង ក្នុងគោលបំណងធ្វើពពិធកម្មមូលធនបម្រុងរបស់ខ្លួន ពោលគឺដើម្បីចេញឆ្ងាយពីឥទ្ធិពលប្រាក់ដុល្លាររបស់អាមេរិកតែម្ដង។ បន្ថែមពីលើនេះ ប្រទេសចិនកាលពីពេលថ្មីៗនេះ ក៏បានលក់ប័ណ្ណបំណុលរបស់សហរដ្ឋអាមេរិក ដែលខ្លួនកាន់កាប់ផងដែរពីទំហំ ១.៣២ទ្រីលានដុល្លារកាលពីចុងឆ្នាំ២០១៣ ធ្លាក់មកនៅត្រឹម ១.១ទ្រីលានដុល្លារកាលពីខែមេសា ឆ្នាំ២០១៩។

ជុំវិញបញ្ហានេះលោក ថម ម៉ាក្រេហ្គ័រ (Tom McGregor) អ្នកសារព័ត៌មាន និងជាអ្នកវិភាគនយោបាយឲ្យកាសែតមួយ មានមូលដ្ឋាននៅទីក្រុងប៉េកាំងបានឲ្យដឹងថា «ទីក្រុងប៉េកាំងកំពុងតែព្រួយបារម្ភអំពីទំនាក់ទំនងកាន់តែអាក្រក់រវាងចិន និងអាមេរិក ដូច្នេះហើយទើបធនាគារប្រជាជនចិន (PBOC) ព្យាយាមបង្កើនមាសក្នុងឃ្លាំងរបស់ខ្លួន...»

គួរបញ្ជាក់ថា បើតាម WGC ក្រៅពីប្រទេសចិននោះ រុស្ស៊ីគឺជាប្រទេសដែលបានទិញមាសច្រើនជាងគេបំផុតមួយនៅលើពិភពលោក ដោយប្រទេសនេះបានបញ្ចូលមាស ២៧៤តោនទៅក្នុងទុនបម្រុងរបស់ខ្លួនកាលពីឆ្នាំ២០១៨។ ទោះបីជាយ៉ាងនេះក្តីសហរដ្ឋអាមេរិកនៅតែឈរលេខ ១ ជាប្រទេសមានស្តុកទុកមានច្រើនបំផុត ហើយបន្ទាប់មកទៀតនោះគឺប្រទេស អាល្លឺម៉ង់ អ៊ីតាលី បារាំង និងរុស្ស៊ី ខណៈចិនវិញជាប់លេខ ៦ បើតាមតួលេខនៅឆ្នាំ២០១៨៕