(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានទាត់ចោលការចោទប្រកាន់របស់ស្ត្រីម្នាក់ឈ្មោះថា ហ្ស៊ាន ខារ៉ូល (Jean Carroll) ដែលថារូបនាងត្រូវបានលោករំលោភបំពានផ្លូវភេទ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់ នៃអគារផ្សារទំនើបមួយនៃទីក្រុងញូយ៉ក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានសិង្ហបុរី CNA នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការបដិសេធខាងលើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Hill នាថ្ងៃចន្ទសប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមនិយាយដោយការគោរព, ទីមួយ៖ នាងមិនមែនជាប្រភេទមនុស្សស្រី ដែលខ្ញុំចូលចិត្តនោះទេ»។ ទីពីរ៖ រឿងបែបនេះមិនបាន កើតឡើងឡើយ... វាមិនធ្លាប់កើតឡើងនោះឡើយ... តើអ្នកយល់ដែរទេ?។ លោក ត្រាំ បន្ថែមថា អ្វីដែលលោកស្រី E Jean Carroll អះអាងគឺជារឿងកុហកទាំងស្រុង។

គួរបញ្ជាក់ថា លោកស្រី E Jean Carroll ជាអ្នកសារព័ត៌មានអាមេរិកម្នាក់ កាលពីសប្ដាហ៍មុន បានក្លាយជាស្រ្តីទី ១៦ ដែលបានចោទលោក ត្រាំ ថាបានរំលោភបំពានផ្លូវភេទលើលោកស្រី មុននឹងលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក៕