(ហ្សាការតា)៖ ខណៈព្រឹកថ្ងៃចន្ទនេះ គ្រោះរញ្ជួយដីធំៗចំនួនពីរ បានអង្រួនភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ពួកវាទំនងជាពុំបានបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមួយក៏មនុស្សបាត់បង់ជីវិតឡើយ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។

នាវេលាព្រឹកថ្ងៃរញ្ជួយដីមួយកម្រិត៦.១រ៉ិចទ័របានវាយប្រហារខេត្ត Papua នៅចុងភាគខាងកើតប្រទេស ឥណ្ឌូណេស៊ី ជាមួយជម្រៅ ២១គីឡូម៉ែត្រក្រោមផ្ទៃដី។ ក្រោយមករញ្ជួយដីមួយទៀតកម្រិត៧.៤រ៉ិចទ័រ (ការស្ទាបស្ទង់ភ្លាមៗគឺ៧.៦រ៉ិចទ័រ) ក៏បានកើតឡើងនៅដែនសមុទ្រ Banda នៃខេត្ត Maluku ដែលនៅម្តុំ ភាគខាងកើតឥណ្ឌូណេស៊ីដូចគ្នា។ រញ្ជួយដី៧.៤រ៉ិចទ័រនេះ មានជម្រៅ ២៣១គីឡូម៉ែត្រក្រោមបាតសមុទ្រ ឯណោះ។ ទោះបីជាហេតុការណ៍ទាំងនេះ បានបង្កភាពរញំរគួរឲ្យកត់សម្គាល់ក៏ដោយ នៅមិនទាន់មាន ការរាយការណ៍ពីមនុស្សស្លាប់ឬរបួស ព្រមទាំងការខូចខាតនៅឡើយទេ។

គួរជម្រាបថា ឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមប្រទេស ដែលនៅចំតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ទើបជាហេតុធ្វើឲ្យប្រទេសនេះតែងរងគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់៕