(តៃវ៉ាន់)៖ កាលពីពេលថ្មីៗនេះ យន្ដហោះចម្បាំងតៃវ៉ាន់ F-16V មួយគ្រឿងបានហ្វឹកហាត់ចុះចត ដោយ ជោគជ័យយ៉ាងរលូននៅលើផ្លូវហាយវ៉េ ស្ថិតក្នុងតំបន់ជនបទមួយកន្លែងនៅលើកោះតៃវ៉ាន់។ ការហ្វឹកហាត់ នេះត្រូវបានយោធាតៃវ៉ាន់ អះអាងថាជាការបង្កើនសមត្ថភាពពីឡុតបើកយន្ដហោះចម្បាំង ក្នុងការចុះចត គ្រប់ស្ថានភាពផ្លូវ នៅក្នុងករណីដែលអាកាសយានដ្ឋានទំាងអស់នៅលើកោះតៃវ៉ាន់ ត្រូវបានគ្រប់គ្រង និងបំផ្លិចបំផ្លាញដោយការវាយប្រហារណាមួយពីសំណាក់ទីក្រុងប៉េកាំង។

*បើសង្រ្គាមផ្ទុះឡើង ចិននឹងប្រើរយៈពេលខ្លីវាយយកកោះតៃវ៉ាន់

ការហ្វឹកហាត់ចុះចតរបស់យន្ដហោះចម្បាំងតៃវ៉ាន់ F-16V ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានអះអាង នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់មួយកាលពីដើមខែមិថុនាកន្លងទៅថា ទីក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ បើសិនជានរណាម្នាក់ ជាពិសេសគឺសហរដ្ឋអាមេរិក ចង់បំបែកតៃវ៉ាន់ចេញពីចិន។

ដោយឡែក ជុំវិញសំណុំរឿងតៃវ៉ាន់នេះដែរ លោក Ian Easton ដែលអ្នកនិពន្ធសៀវភៅមានចំណងជើងថា «The Chinese Invasion Threat» ឬ«ការគំរាមកំហែងឈ្លានពានរបស់ចិន» យល់ថាបើសង្រ្គាមផ្ទុះឡើង មែន នោះចិននឹងប្រើប្រាស់រយៈពេលខ្លីវាយយកកោះតៃវ៉ាន់ នៅក្នុងករណីសហរដ្ឋអាមេរិក មិនលូកដៃ ពេញដៃពេញជើងចូលនៅក្នុងជម្លោះនេះ។ លោក Easton ធ្វើការកត់សម្គាល់បែបនេះដោយផ្អែកលើកម្លាំង យោធារវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ។

យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រសួងការពារជាតិអាមេរិក កងទ័ពចិននៅក្រោមការគ្រប់គ្រង របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មានការរីកចំរើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ របាយការណ៍ នេះដដែលបានឱ្យដឹងទៀតថា ចិនមានកងទ័ពសរុបជាង ១,០២០,០០០នាក់ មានរថក្រោះ៥,៨០០គ្រឿង កាំភ្លើងធំ ៨,០០០ដើម, នាវាពិឃាត៣៣គ្រឿង, នាវាសម្រាប់ផ្ទុករថក្រោះ៣៧គ្រឿង និងយន្ដហោះចម្បាំង ១,៥០០គ្រឿង ហើយនេះមិនទាន់រាប់បញ្ចូលក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ រួមទាំងនាវាផ្ទុក យន្ដហោះចម្បាំងផង។

ដោយឡែក កោះតៃវ៉ាន់វិញ មានកងទ័ព ១៤០,០០០នាក់, រថក្រោះ៨០០គ្រឿង, កាំភ្លើងធំ១,០០០ ដើម, នាវាពិឃាត៤គ្រឿង, នាវាសម្រាប់ផ្ទុករថក្រោះ១៤គ្រឿង និងយន្ដហោះចម្បាំងតែ៣៥០គ្រឿង ប៉ុណ្ណោះ។

* ផែនការវាយយកកោះតៃវ៉ាន់

ផែនការវាយយកកោះតៃវ៉ាន់ របស់ចិន ត្រូវបានគេស្គាល់ឈ្មោះថា «យុទ្ធនាការវាយប្រហារលើកោះរួមគ្នា»។ ក្រុមអ្នកជំនាញជាច្រើន ដូចជាលោក Easton បានសន្និដ្ឋានថា ក្នុងករណីមានសង្រ្គាម ចិននឹងប្រើយុទ្ធនាការ នេះវាយប្រហារលើកោះតៃវ៉ាន់ជាលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្តែមិនមែនវាយដោយថ្មើរជើងនោះទេ។ ពោលគឺ កងទ័ពចិន អាចនឹងបើកការវាយប្រហារទម្លាក់គ្រាប់បែកកម្ទេចកំពង់ផែ, អាកាសយានដ្ឋាន និងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ ព្រមទាំងធ្វើយ៉ាងណាគ្រប់គ្រងដែនអាកាសនៅលើតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាដែន អាកាសរបស់តៃវ៉ាន់ទាំងមូលតែម្ដង មុននឹងលើកទ័ពចូលតាមតំបន់ឆ្នេរភាគខាងលិចនៃកោះតៃវ៉ាន់។

គួរបញ្ជាក់ថា តៃវ៉ាន់បានបែកចេញពីចិន ចាប់តាំងពីឆ្នាំ១៩៤៩មកម្លេះ តែចិនមិនបានបោះបង់ផែនការបង្រួម ទឹកដីឡើងវិញឡើយ។ ប៉ុន្តែ អស់រយៈពេលរាប់សិបឆ្នាំមកនេះ ចិននៅតែរាករែកចិត្តបើកការវាយប្រហារលើ កោះតៃវ៉ាន់ ដោយសារហេតុផលនយោបាយជាច្រើន ជាពិសេសគឺខា្លចសង្រ្គាមរុញច្រានឱ្យខ្លួនត្រូវប្រឈមមុខ ជាមួយសហរដ្ឋអាមេរិកដោយផ្ទាល់ ខណៈគេក៏មិនទាន់ជឿជាក់១០០ភាគរយថាទីក្រុងវ៉ាស៊ីនតោននឹងចូល ជួយតៃវ៉ាន់ដែរ៕

ប្រភព៖ CNN (ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩)