(ញូដេលី)៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់១៤នាក់បានស្លាប់ និងច្រើនជាង៥០នាក់ រងរបួសនៅក្នុងហេតុការណ៍បាក់រលំរោងបុណ្យមួយកន្លែង នៅក្នុងរដ្ឋ Rajasthan កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឥណ្ឌា មនុស្សប្រហែល ៣០០នាក់ បានស្ថិតនៅក្នុងរោងបុណ្យខាងលើ ដើម្បីចូលរួម ពិធីសាសនាមួយ ហើយគ្រោះថ្នាក់នេះទៀតសោត កើតឡើងនៅពេលមានភ្លៀងធ្លាក់ និងខ្យល់បក់ យ៉ាងខ្លាំង។ ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ជនរងគ្រោះដែលបានបាត់បង់ជីវិត មានអ្នកខ្លះត្រូវខ្សែភ្លើងឆក់ ហើយខ្លះទៀតត្រូវរោងបុណ្យបាក់សង្កត់។

គួរបញ្ជាក់ថា ហេតុការណ៍បាក់រលំរោងបុណ្យខាងលើ កើតឡើងនៅក្នុងស្រុក Barmer ស្ថិតក្នុងរដ្ឋ Rajasthan នៃភាគពាយព្យ ប្រទេសឥណ្ឌា។ ចំណែកឯ មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ខាងលើ មិនទាន់ត្រូវបានបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ តែអាជ្ញាធរឥណ្ឌាកំពុងបើកការស៊ើបអង្កេត៕