(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទាក់ទងបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺលោកមិនខ្វល់ពីការយល់ឃើញ​របស់សហភាពអឺរ៉ុបឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។

លោក ត្រាំ បានលើកឡើងបែបនេះ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន NBC កាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធទស្សនៈរបស់លោកជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ហៅកាត់ថា JCPOA។ នាឱកាសនោះលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកចង់បានកិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់ ក្នុងទម្រង់ជាទ្វេភាគី ឬពហុភាគីក៏បានដែរ ដរាបណាវាអាចរារាំងទីក្រុងតេហេរ៉ង់ មិនឲ្យសម្រេចបានអាវុធនុយក្លេអ៊ែរ។

ទាក់ទិនមូលហេតុដែលលោកបោះបង់កិច្ចព្រមព្រៀងខាងលើចោល លោក ត្រាំ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀង JCPOA បានដាក់កំហិតលើកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់តែ ១៥ឆ្នាំប៉ុណ្ណោះ ហើយនៅពេលកិច្ចព្រមព្រៀងនេះផុតសុពលភាពទៅ ទីក្រុងតេហេរ៉ង់នឹងអាចឆ្ពោះទៅរក ការសម្រេចបានអាវុធនុយក្លេអ៊ែរដោយងាយ។

ដោយឡែកនៅពេលសារព័ត៌មាន NBC លើកឡើងថា បណ្តាប្រទេសអឺរ៉ុបដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ហាក់នៅតែជឿជាក់ថា អ៊ីរ៉ង់បានបន្តគោរពតាមលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងយ៉ាងខ្ជាប់ខ្ចួននោះ លោក ត្រាំ បានលើកឡើងថា លោកមិនខ្វល់ពីអឺរ៉ុបឡើយព្រោះពួកគេទទួលបានផលចំណេញ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀង JCPOA កាលពីឆ្នាំ២០១៨ ហើយចាប់ផ្តើមដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីបង្ខំឲ្យអ៊ីរ៉ង់ព្រមចូលចរចាសាជាថ្មី។ ភាពតានតឹងរវាងប្រទេសទាំងពីរបានកើន ឡើងដល់កម្រិតគ្រោះថ្នាក់មួយកាលពីសប្តាហ៍មុន នៅពេលដែលអ៊ីរ៉ង់បានបាញ់ទម្លាក់ យន្តហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿង ដែលអ៊ីរ៉ង់អះអាងថា បានរំលោភចូលដែនអាកាសរបស់ខ្លួន។ ប្រការនេះស្ទើរតែធ្វើឲ្យអាមរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ប៉ុន្តែលោក ត្រាំ បានសម្រេចដកបញ្ជាវិញ។ ក្នុងបទសម្ភាសន៍ខាងលើ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកចង់ចរចាជាជាងធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់៕