(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង អូសាកា ប្រទេសជប៉ុនពីថ្ងៃទី២៧-២៩ ខែមិថុនានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ជាទីដែល លោកត្រូវបានគេរំពឹងថាអាចនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានបញ្ជាក់ដូច្នេះថា៖ «តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ លោកប្រធានាធិបតីចិន ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង អូសាកា ពីថ្ងៃទី២៧-២៩ ខែមិថុនានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20»។

អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិតពីជំនួបទ្វេភាគីណាមួយរបស់លោក ស៊ី នោះទេ តែនេះ គឺជាលើកដំបូងបំផុតដែលទីក្រុងប៉េកាំង ទទួលស្គាល់ជាផ្លូវការពីការចូលរួមរបស់ប្រធានាធិបតីចិន ក្នុងកិច្ចប្រជុំ G20 ជាទីដែលគេរំពឹងថា លោកនឹងត្រូវជួបពិភាក្សាជាមួយលោក ត្រាំ លើបញ្ហាជា ច្រើន ក្នុងនោះរួមមានទាំងសង្រ្គាមពាណិជ្ជកម្ម និងសំណុំរឿងកូរ៉េខាងជើង ជាដើម៕