(វ៉ាស៊ីនតោន)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលបានសំបុត្រផ្ទាល់ខ្លួនមួយច្បាប់ ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយថានឹងពិចារណាយ៉ាងយកចិត្តទុកដាក់ ខណៈ លទ្ធភាពនៃការរៀបចំជំនួបលើកទី៣ រវាងមេដឹកនាំទាំង២ ត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួននៅថ្ងៃអាទិត្យនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មិនបាន បញ្ជាក់លម្អិតពីអត្ថន័យនៅក្នុងសំបុត្រដែលលោក ត្រាំ ផ្ញើជូនលោក គីម នោះទេ ដោយគ្រាន់តែ ឱ្យដឹងថាសំបុត្រនេះមានអត្ថន័យជ្រាលជ្រៅ និងប្រកបដោយភាពកក់ក្ដៅ។ ចំណែកឯ ខាងសេតវិមានមិនទាន់ធ្វើការអត្ថាធិប្បាយ ឆ្លើយតបទៅនឹងការអះអាងនេះឡើយ។

គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ លោក ដូណាល់ ត្រាំ ក៏ទទួលបានសំបុត្រប្រកបដោយ ភាពកក់ក្ដៅមួយច្បាប់ពីលោក គីម ជុងអ៊ុន ផងដែរ។ តែមិនបានបញ្ជាក់លម្អិតដូចគ្នាពីអត្ថន័យ នៅក្នុងសំបុត្រ ស្របពេលជំនួបលើកទី៣ រវាងមេដឹកនាំទាំង២ ត្រូវបានគេរំពឹងថាទំនងជាអាច នឹងត្រូវប្រកាស បន្ទាប់ពីលោក ត្រាំ ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក្នុងទីក្រុងសេអ៊ូល ក្រោយចូលរួមកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុន នៅចុង ខែមិថុនានេះ៕