(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៃប្រទេសចិននាថ្ងៃសុក្រសប្តាហ៍នេះ បានដាក់ពាក្យប្តឹងក្រសួងពាណិជ្ជកម្មអាមេរិក ជុំវិញការរឹបអូសឧបករណ៍បច្ចេកវិទ្យាទូរគមនាគមន៍ ដែលខ្លួនបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីការធ្វើតេស្ត។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមខ្លឹមសារក្នុងពាក្យបណ្តឹង ក្រុមហ៊ុន Huawei បានបញ្ជូនឧបករណ៍បណ្តាញ Network មួយចំនួនទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍មួយនៅលើទឹកដីអាមេរិក។ ក្រោយការធ្វើតេស្តរួច ការិយាល័យតំណាងរបស់ Huawei ប្រចាំនៅអាមេរិកបានរៀបចំបញ្ជូនសម្ភារៈទាំងនោះមកវិញ ប៉ុន្តែស្រាប់តែត្រូវអាជ្ញាធរអាមេរិករឹបអូសយក ហើយរក្សាទុកនៅទីតាំងមួយកន្លែង ក្នុងរដ្ឋ Alaska។ ទាក់ទិនបញ្ហានេះ ក្រុមហ៊ុន Huawei បានទាមទារឲ្យបញ្ជូនឧបករណ៍ទាំងនោះ មកប្រទេសចិនវិញ ឬមួយក៏ក្រសួងពាណិជ្ជកម្មអាមេរិក ត្រូវចេញមុខបកស្រាយពីទង្វើនេះ។

គួរជម្រាបថា សហរដ្ឋអាមេរិកបានចោទប្រកាន់ថា ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei អាចត្រូវរដ្ឋាភិបាលទីក្រុងប៉េកាំងប្រើប្រាស់ ដើម្បីស៊ើបការណ៍សម្ងាត់លើអាមេរិក ខណៈ Huawei បានចេញមុខបដិសេធការចោទប្រកាន់ ដោយគ្មានមូលដ្ឋាននេះជាច្រើនលើកច្រើនសា។ មិនតែប៉ុណ្ណោះសេតវិមានកាលពីខែឧសភាកន្លងទៅ ថែមទាំងបានកត់ឈ្មោះ Huawei ចូលក្នុងបញ្ជីខ្មៅថែមទៀតផងដែរ ដែលហាមលែងឲ្យ Huawei ទិញគ្រឿងបន្លាស់ផ្សេងៗ ពីក្រុមហ៊ុនអាមេរិកបានទៀតឡើយ បើគ្មានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិកទេនោះ៕