(ហុងកុង)៖ នាថ្ងៃសុក្រនេះក្រុមបាតុករប្រមាណរាប់ពាន់នាក់ បាននាំគ្នាបិទផ្លូវហៃវេយ៍មួយកន្លែង នៅខាងក្រៅអគារសភាទីក្រុងហុងកុង ជាមួយការបន្តទាមទារឲ្យអភិបាលទីក្រុងស្វយ័តចិននេះ ចុះចេញពីតំណែង ដោយសារតែផែនការអនុម័តច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយ បើទោះបីជាផែនការនេះត្រូវបានផ្អាកជាបណ្តោះអាសន្នក៏ដោយ។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។

ពីរសប្តាហ៍កន្លងមក បាតុកម្មទ្រង់ទ្រាយដ៏ធំសម្បើមត្រូវបានធ្វើឡើង ដើម្បីប្រឆាំងនឹងគម្រោងអនុម័តច្បាប់ធ្វើបត្យាប័ន ដែលអនុញ្ញាតឲ្យទីក្រុងហុងកុង ប្រគល់ខ្លួនជនសង្ស័យទាំងឡាយឲ្យទៅអាជ្ញាធរចិនដីគោក ឬប្រទេសនានា។ ពីដំបូងឡើយ លោកស្រី ខារី ឡាំ (Carrie Lam) ដែលជាអភិបាលក្រុងស្វយ័តនេះ ហាក់មិនចង់ដកថយឡើយ ប៉ុន្តែដោយសារចលនាបាតុកម្មកាន់តែខ្លាំងៗ លោកស្រីក៏បានសម្រេចប្រកាសផ្អាក​ការអនុវត្តន៍ផែនការនេះ ហើយចេញមុខសុំទោសមហាជនហុងកុងម្តងជាពីរដងថែមទៀតផង។

គួរជម្រាបថា ក្រុមបាតុករទំនងនៅតែមិនអាចទទួលយកបានឡើយ ដោយពួកគេនៅតែបន្តទាមទារឲ្យលោកស្រី Lam លាលែងពីតួនាទី ហើយលុបចោលផែនការរបស់ស្រីទាំងស្រុងតែម្តង។ ក្រៅពីនេះ ក្រុមអ្នកតវ៉ាក៏បានទាមទារឲ្យមានការដោះលែង បណ្តាសកម្មជនដែលត្រូវបានចាប់ខ្លួន កំឡុងការធ្វើបាតុកម្មកន្លងទៅផងដែរ រួមជាមួយការស៊ើបអង្កេតជុំវិញការប្រើប្រាស់ហិង្សា ពីសំណាក់កងកម្លាំងប៉ូលិសកំឡុងពេលនោះ៕