(តេហេរ៉ង់)៖ ការបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿងម៉ាក RQ-4A ដែល មានតម្លៃថ្លៃជាង ២០០លានដុល្លារដោយមីស៊ីលអ៊ីរ៉ង់ កំពុងបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងថា សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងផ្ទុះឡើង ខណៈភាគីទាំងពីរកំពុងតែព្យាយា​ការពារទង្វើដែលបាននិងកំពុងប្រព្រឹត្តរៀងៗខ្លួន ចំពោះមុខឆាកអន្តរជាតិ។

ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កំពុងកើនឡើងកម្ដៅកាន់តែខ្លាំង ក្រោយទីបញ្ជាការកណ្ដាលយោធាអាមេរិក (CENTCOM) បានទទួលស្គាល់ថា អ៊ីរ៉ង់ពិតជាបានបាញ់ទម្លាក់យន្ដហោះដ្រូនប្រភេទ RQ-4A នៅលើដែនអាកាសអន្តរជាតិ នៃច្រកសមុទ្រ ហ័រមូស (Hormuz) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញប្រាកដមែន។ ចំណែកឯ អ៊ីរ៉ង់ក៏បានអះអាងផងដែរថា យន្ដហោះដ្រូនស៊ើបការណ៍សម្ងាត់នេះត្រូវបានបាញ់ទម្លាក់ នៅពេលវាហោះរំលោភចូលដែនអាកាសរបស់ខ្លួនក្នុងខេត្ត ហ័រម៉ូសហ្គាន់ (Hormozgan)។

យ៉ាងណាមិញ អ្នកជំនាញសិក្សាពីសហរដ្ឋអាមេរិកមកពីសាកលវិទ្យាល័យតេហេរ៉ង់ លោក ម៉ូហាំម៉េដ ម៉ារ៉េនដ៍ (Mohammad Marand) បានព្យាករណ៍ថា សង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់ មិនងាយនឹងផ្ទុះឡើង តែអ្វីដែលគេគួរដឹងនោះគឺបើសិនជាសង្រ្គាមផ្ទុះឡើងមែន តើអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងដូចម្ដេច ហើយថាតើសង្រ្គាមនេះគឺជាសង្រ្គាមរវាងតែសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឬក៏យ៉ាងណា?

ជុំវិញបញ្ហានេះដែរ លោក Marandi បានសង្កត់ធ្ងន់ទៀតថា សង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់ អាចផ្ទុះទៅជាសង្រ្គាមនៅក្នុងតំបន់មជ្ឈិមទាំងមូល។ លោក Marandi បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថាបើសង្រ្គាមផ្ទុះឡើងមែននោះ អ៊ីរ៉ង់មិនមែនវាយប្រហារតែទៅលើសហរដ្ឋអាមេរិកតែមួយនោះទេ... ប៉ុន្តែ ពួកគេនឹងប្រមូលកម្លាំងសម្ព័ន្ធមិត្តទាំងអស់នៅក្នុងតំបន់ ដើម្បីបើកការវាយប្រហារលើ ប្រទេសទាំងឡាយណា ដែលមានមានវត្តមានយោធាអាមេរិក ដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមជាដើម»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Mohammad Marand ធ្វើឡើងនៅក្នុង បទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នាឱកាសនោះដែរ អ្នកជំនាញ រូបនេះក៏បានរំឮកផងដែរពីសោកនាដកម្មមួយកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៨៨ ដោយនៅ កាលណោះ កងនាវាអាមេរិកបានបាញ់ទម្លាក់យន្ដហោះស៊ីវិលអ៊ីរ៉ង់មួយគ្រឿង ដែលមានជើងហោះហើរលេខ Air Flight 655 នៅក្នុងដែនអាកាសនៃតំបន់ឈូងសមុទ្រពែក ដែលបានផ្ដាច់ជីវិតមនុស្ស ២៩០នាក់ ក្នុងនោះរួមមានទាំងកុមារ ៦៥នាក់ផងដែរ៕

ប្រភព៖ Sputnik (ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩)