(សេអ៊ូល)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាលើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ឱ្យកាន់តែស៊ីជម្រៅ ក្នុងបុព្វហេតុការពារស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់។ នេះបើតាម KCNA ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា លោក ស៊ី និងលោក គីម បានឈាន ដល់កិច្ចព្រមព្រៀងខាងលើ នៅអំឡុងកិច្ចប្រជុំកំពូលក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានផ្លាស់ប្ដូរយោបល់គ្នា ពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិ និងនៅក្នុងតំបន់ ជាពិសេសគឺ ជុំវិញស្ថានភាពបច្ចប្បន្ននៅលើតំបន់ឧបទ្វីបកូរ៉េតែម្ដង។

ប៉ុន្តែទន្ទឹមគ្នា KCNA មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមពីកិច្ចប្រជុំនេះទេ ដោយគ្រាន់តែឱ្យដឹងថា មេដឹកនាំនៃប្រទេសទាំង២ យល់ស្របដូចគ្នាចំពោះផលប្រយោជន៍រួម និងការពង្រឹងទំនាក់ ទំនង ដើម្បីចូលរួមចំណែកនៅក្នុងកិច្ចការពារសន្តិភាព និងស្ថេរភាពក្នុងតំបន់។

គួរជម្រាបថា លោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ក្នុងនាមជាប្រធានាធិបតីចិនដំបូងគេ បំផុតដែលយកជើងជាន់ដីកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៥មក៕