(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានបដិសេធឡើយចំពោះ លទ្ធភាពក្នុងការបើកការវាយប្រហារតាមផ្លូវអាកាស ជាការសងសឹកទៅនឹងអ៉ីរ៉ង់ ដែលបាន បាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកមួយគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាន ក្រោយពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ « ខ្ញុំគិតថាអ៉ីរ៉ង់បានប្រព្រឹត្តកំហុសមួយដ៏ធំ ដែលហ៊ានបាញ់ទម្លាក់ យន្ដហោះដ្រូនអាមេរិក...ប៉ុន្តែវាជាសំណាងល្អ ដែលគ្មានពីឡុតនៅលើយន្ដហោះនោះ បើមិនដូច្នោះទេ វានឹងក្លាយជារឿងដ៏ធំមួយផ្សេងទៀត»

បន្ថែមពីលើនេះ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើសហរដ្ឋអាមេរិក អាចនឹងពិចារណាបើកការវាយប្រហារតាមផ្លូវអាកាសសងសឹកនឹងអ៉ីរ៉ង់វិញដែរឬទេ? ប្រធានាធិបតី អាមេរិករូបនេះបានឆ្លើយយ៉ាងខ្លីថា «អ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលឆាប់ៗនេះ»

គួរបញ្ជាក់ថា បើតាមទីបញ្ជាការកណ្ដាលយោធាអាមេរិក (CENTCOM) អ៉ីរ៉ង់បានបាញ់ទម្លាក់ យន្ដហោះដ្រូនប្រភេទ RQ-4A មួយគ្រឿងរបស់សហរដ្ឋអាមេរិក នៅលើដែនអាកាសអន្តរជាតិ នៃច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ប៉ុន្តែ អ៉ីរ៉ង់អះអាងថាយន្ដហោះដ្រូន នេះត្រូវបានបាញ់ទម្លាក់នៅពេលហោះរំលោភចូលដែនអាកាសរបស់ខ្លួន ក្នុងខេត្ត Hormozgan៕