(សេអ៊ូល)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាប់ផ្ដើមសាងរាត្រីទឹកឃ្មុំជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ទាប់ពីលោក ស៊ី បានទៅដល់ទីក្រុងព្យុងយ៉ាង ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈ ពេល២ថ្ងៃ នៅថ្ងៃព្រហស្បតិ៍នេះ។

លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នា៤លើករួចមកហើយនៅលើទឹកដីចិន កាលពីឆ្នាំ ២០១៨ ហើយជំនួបរវាងមេដឹកនាំទាំង២នៅលើកនេះ ធ្វើឡើងនៅមុនពេលលោក ស៊ី ត្រូវជួបជាមួយ លោក ដូណាល់ ត្រាំ នៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុន នៅសប្ដាហ៍ក្រោយ។ ដោយឡែក បើតាម ក្រុមមន្ត្រីចិន លោក ស៊ី និងលោក គីម នឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំង២ និងស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ។

* ហេតុអ្វីបានជាលោក ស៊ី ជិនពីង បំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅពេលនេះ?

ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យលោក ស៊ី ជិនពីង កា្លយជាប្រធានាធិបតីចិនដំបូងគេដែលធ្វើដំណើរ ទៅកាន់កូរ៉េខាងជើង អស់រយៈពេលជាង១៤ឆ្នាំមកនេះ ពោលគឺចាប់តាំងពីអតីតប្រធានាធិបតីចិន លោក Hu Jintao បំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង កាលពីខែតុលា ឆ្នាំ២០០៥។ យ៉ាងណាមិញ លោក ស៊ី ធ្លាប់ទៅកូរ៉េខាងជើងម្តងរួចមកហើយដែរ កាលពីឆ្នាំ២០០៨ តែក្នុងនាមជាអនុប្រធានាធិបតីចិន។ លោក ស៊ី និង លោក គីម ត្រូវបាន គេរំពឹងថានឹងពិភាក្សាគ្នាពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ព្រមទាំងកិច្ចចរចានុយក្លេអ៊ែររវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើងដែលទទួលបរាជ័យនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពី ចុងខែកុម្ភៈកន្លងទៅ។

បើតាមក្រុមអ្នកជំនាញដូចជាលោកស្រី Jenny Town មកពីគេហទំព័រឃ្លាំមើលកូរ៉េខាងជើង 38 North លោក ស៊ី ជិនពីង ទំនងជាចង់ប្រើដំណើរទស្សនិច្ចរបស់លោកនៅពេលនេះ ដើម្បីចង់ដឹងពីអ្វីដែលបាន កើតឡើងនៅក្នុងជំនួបរវាង លោក គីម និងលោក ត្រាំ នៅទីក្រុងហាណូយ សំដៅស្វែងរកព័ត៌មាន ឬចំណុចខ្សោយណាមួយ ដែលលោកអាចយកទៅចរចាជាមួយលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន នៅសប្ដាហ៍ក្រោយនេះ។ បន្ថែមពីលើនេះ លោកស្រី Jenny ក៏បានបន្ថែមដែរ ថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិននៅពេលនេះ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលធំដុំអ្វីនោះទេ ព្រោះវាកើតឡើងនៅចំពេលប្រទេសទាំងត្រូវប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២ប៉ុណ្ណោះ។

* តើចិនចង់បានអ្វី?

ចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង ហើយកូរ៉េខាងជើងវិញក៏ជាទ្រនាប់ការពារយុទ្ធសាស្ត្រ ដែលចិនប្រើប្រាស់ដើម្បីទប់ស្កាត់ឥទ្ធិពលយោធាអាមេរិកនៅក្នុងតំបន់ផងដែរ។ យោងតាមសារព័ត៌មាន ចិន China Daily កាលពីថ្ងៃពុធ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង នឹងជួយឱ្យមេដឹកនាំទាំង២ សម្រេចបាននូវកិច្ចព្រមព្រៀងជាច្រើន ជាពិសេសគឺការពង្រឹងកិច្ចសហប្រតិបត្តិការចិន-កូរ៉េខាងជើង តែម្ដង។

* តើកូរ៉េខាងជើងចង់បានអ្វីពីចិន?

បើតាមលោកស្រី Jenny Town ទីក្រុងព្យុងយ៉ាង ចង់រក្សាទំនាក់ទំនងមិត្តភាពឱ្យកាន់តែជិតស្និទជាមួយ ចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដើម្បីតស៊ូប្រយុទ្ធនឹងទណ្ឌកម្មពីអន្តរជាតិដឹកនាំដោយ សហរដ្ឋអាមេរិក។ លោកស្រីបន្តថា អ្វីដែលលោក គីម ជុងអ៊ុន ចង់បានពីដំណើរទស្សនកិច្ចរបស់លោក ស៊ី នោះគឺបង្ហាញសហរដ្ឋអាមេរិកថា ចិននៅតែជាខ្នងបង្អែកដ៏ធំជានិច្ចរបស់ខ្លួ ន ដូច្នេះហើយទណ្ឌកម្ម សេដ្ឋកិច្ចមិនមានប្រសិទ្ធភាព ឬក៏ធ្វើឱ្យកូរ៉េខាងជើងចុះញមចំពោះទីក្រុងវ៉ាស៊ីនតោននោះទេ៕

ប្រភព៖ BBC (ដកស្រង់នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩)