(តេហេរ៉ង់)៖ មេទ័ពអ៊ីរ៉ង់ម្នាក់បានអះអាងជាថ្មីម្តងទៀតថា ប្រទេសអ៊ីរ៉ង់មានប្រព័ន្ធមីស៊ីលបាលីស្ទិក ដែលអាចកម្ទេចក៏ដូចជាពន្លិច នាវាដឹកយន្តហោះចម្បាំងរបស់សត្រូវបាន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានអាមេរិក CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។

លោក ហូស្សេន សាឡាមី (Hossein Salami) ដែលជាមេបញ្ជាការកងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ IRGC បាននិយាយថា ការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលបាលីស្ទិករបស់ប្រទេសអ៊ីរ៉ង់ បានឈានដល់កម្រិតមួយ ដែលអាចផ្លាស់ប្តូរតុល្យភាពនៃអំណាចនៅមជ្ឈិមបូព៌ា។ បើតាមលោក Salami យោធាអ៊ីរ៉ង់បានចាប់ផ្តើមការធ្វើតេស្ត និងប្រើប្រាស់ប្រព័ន្ធមីស៊ីលបាលីស្ទិក ជាមធ្យោបាយដើម្បីបិទបញ្ចប់ឥទ្ធិពលកន្លងមក នៃនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ាតាំងពី ១២ឆ្នាំមុនមកម្ល៉េះ។ ទីក្រុងតេហេរ៉ង់ក៏ធ្លាប់បានអះអាង​ជាច្រើនដងមកហើយដែរថា ខ្លួនមានអាវុធពិសេសដែលអាចបាញ់ពន្លិច នាវាដឹកយន្តហោះចម្បាំងអាមេរិក ឲ្យលិចចូលបាតសមុទ្របាន។

គួរជម្រាបថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកកាន់តែកើនឡើងកម្តៅខ្លាំងថែមទៀត ក្រោយមានករណីវាយប្រហារលើកប៉ាល់ដឹកប្រេង ០២គ្រឿង នៅឈូងសមុទ្រអូម៉ង់ កាលពីសប្តាហ៍មុន ហើយកំហុសត្រូវបានទម្លាក់ទៅលើប្រទេសអ៊ីរ៉ង់។ ប្រការនេះ បានជំរុញឲ្យសហរដ្ឋអាមេរិកប្រកាសបញ្ជូនកម្លាំងយោធាបន្ថែម ដែលរួមមានទាំងកងទ័ព ប្រព័ន្ធមីស៊ីល និងយន្តហោះដ្រូនស៊ើបការណ៍មកកាន់តំបន់មជ្ឈិមបូព៌ា៕