(វ៉ាស៊ីនតោន)៖ កូរ៉េខាងត្បូងបានអំពាវនាវឲ្យកូរ៉េខាងជើង យល់ព្រមបើកកិច្ចប្រជុំកំពូលថ្មីមួយទៀត រវាងលោក គីម ជុងអ៊ុន និងលោក មូន ចេអ៊ីន នៅមុនដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់រដ្ឋធានីសេអ៊ូលនាសប្តាហ៍ក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងវេទិកាមួយដែលរៀបចំឡើងដោយ ស្ថាប័នតាមដានស្ថានការណ៍អន្តរជាតិ Atlantic Council នៅឯរដ្ឋធានីវ៉ាស៊ីនតោន អ្នកតំណាងពិសេសរបស់កូរ៉េខាងត្បូងទទួលបញ្ហាកូរ៉េខាងជើង លោក លី ដូហ៊ូន (Lee Do-Hoon) បានទទូចឲ្យមានកិច្ចប្រជុំកំពូលលើកទី ៤ រវាងលោក គីម និងលោក មូន។ លោក Lee បាននិយាយដូច្នេះថា «ខ្ញុំសូមស្នើឲ្យកូរ៉េខាងជើងឆ្លើយតបចំពោះ ការអញ្ជើញរបស់លោក មូន ជុំវិញការបើកកិច្ចប្រជុំកំពូលអន្តរកូរ៉េជាថ្មីម្តង ដែលបើអាចនៅមុនដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់កូរ៉េខាងត្បូងនាសប្តាហ៍ក្រោយ»

គួរជម្រាបថា លោក ដូណាល់ ត្រាំ នឹងមកទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាសប្តាហ៍ក្រោយ ដើម្បីជួបជាមួយលោក មូន ចេអ៊ីន ក្រោយការចូលរួមកិច្ចប្រជុំកំពូល G20 នៅជប៉ុន។ បច្ចុប្បន្ននេះ កិច្ចចរចាជុំវិញបញ្ហាអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ កំពុងតែជាប់គាំង បន្ទាប់ពីកិច្ចប្រជុំកំពូលនៅវៀតណាមរវាងលោក ត្រាំ និង លោក គីម បានបញ្ចប់ទៅដោយបាតដៃទទេ ហើយចាប់ពីពេលនោះមកទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតបនឹងបំណងចង់បន្តកិច្ចសន្ទនាឡើងវិញ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ឬមួយក៏ទីក្រុងសេអ៊ូលនោះឡើយ៕