(វ៉ាស៊ីនតោន)៖ យន្ដហោះដ្រូនយោធាអាមេរិកមួយគ្រឿង ពិតជាត្រូវបានបាញ់ទម្លាក់ប្រាកដមែន នៅក្នុងដែនអាកាសអន្តរជាតិពីតំបន់ច្រកសមុទ្រ Hormuz ដោយគ្រាប់មីស៊ីលរបស់អ៉ីរ៉ង់។ នេះបើ តាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។

មន្ត្រីអាមេរិកដដែល បានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះថា យន្ដហោះដ្រូនអាមេរិកដែល ត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់នោះមានឈ្មោះ MQ-4C Triton ផលិតដោយក្រុមហ៊ុន Northrop Grumman។ MQ-4C Triton គឺជាប្រភេទយន្ដហោះដ្រូនស៊ើបការណ៍ ដែលអាចប្រតិបត្តិការម្ដង បាន២៤ម៉ោង និងហោះហើរបាននៅរយៈកម្ពស់ជាង១៦គីឡូម៉ែត ព្រមទាំងហោះបានចំងាយ ១៥,១៨៦.៤គីឡូម៉ែត្រ។

គួរជម្រាបថា យោធាអ៉ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានអះអាងដែរថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះ ដ្រូន RQ-4 ស៊ើបការណ៍មួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានរំលោភចូលដែនអាកាសអ៉ីរ៉ង់ ក្នុងខេត្ត Hormuzgan។ យ៉ាងណាក៏ដោយ ទាំងប្រភេទយន្ដហោះដ្រូន និងពេលវេលាបាញ់ទម្លាក់ មិនទាន់ត្រូវបានគេកំណត់ឱ្យច្បាស់នៅឡើយទេ៕