(តេហេរ៉ង់)៖ យោធាអ៉ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូន ស៊ើបការណ៍ RQ-4 មួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានរំលោភចូលដែនអាកាសអ៉ីរ៉ង់ ក្នុងខេត្ត Hormuzgan។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានបញ្ជាក់ទៀតថា កងទ័ពអាកាស របស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាមេរិក RQ-4 ដែលបានរំលោភចូលក្នុងដែន អាកាសនៃតំបន់ Kuh Mubarak នៃខេត្ត Hormozgan។ ប៉ុន្តែភ្លាមៗ យោធាអាមេរិកប្រចាំតំបន់ មជ្ឈិមបូព៌ា មិនទាន់ទទួលស្គាល់ការអះអាងរបស់អ៉ីរ៉ង់នៅឡើយទេ ខណៈជាធម្មតាយន្ដហោះដ្រូន RQ-4 តែងតែហោះស៊ើបការណ៍នៅរយៈកម្ពស់ខ្ពស់បំផុតមួយ ដែលអាវុធធម្មតាមិនងាយនឹង វាយប្រហារវាបានឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក បានចោទប្រកាន់អ៉ីរ៉ង់ថាបានព្យាយាមបាញ់ទម្លាក់ យន្ដហោះដ្រូន US Reaper មួយគ្រឿង តែមិនបានសម្រេច។ ហេតុការណ៍នេះទៀតសោត កើតឡើងនៅអំឡុងពេលដែលកប៉ាល់ដឹកប្រេង២គ្រឿងរងការវាយប្រហារនៅឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន៕