(វែលីងតោន)៖ នូវែលសេឡង់បានជាប់ចំណាត់ថ្នាក់ប្រទេសដែលមានសុខសន្តិភាពជាងគេទីពីរ នៅលើពិភពលោក។ នេះបើតាមរបាយការណ៍មួយឈ្មោះ Global Peace Index (GPI) របស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពអន្តរជាតិ IEP ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។

វិទ្យាស្ថាន IEP (Institute for Economics and Peace) ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានផលិតរបាយការណ៍ខាងលើនេះចេញមក ដោយផ្អែកលើកត្តាសំខាន់ៗមួយចំនួន ដូចជាការចំណាយលើវិស័យយោធា ចំនួនមនុស្សបាត់បង់ជីវិតដោយសារតែជម្លោះប្រដាប់អាវុធ និងអំពើភេរវកម្ម ព្រមទាំងទំហំខាតបង់ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយអំពើហិង្សា។

របាយការណ៍ GPI បានផ្តល់ចំណាត់ថ្នាក់ឲ្យនូវែលសេឡង់ស្ថិតនៅលំដាប់ទីពីរមែនពិត ប៉ុន្តែក៏បានគូសបញ្ជាក់ពីផលប៉ះពាល់ នៃករណីវាយប្រហារយ៉ាងប្រល័យលើព្រះវិហារអ៊ីស្លាម នៅឯទីក្រុង Christchurch កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅផងដែរ ដែល ហេតុការណ៍ដ៏អាក្រក់នោះ បានផ្តាច់ជីវិតមនុស្សដល់ទៅ៥១នាក់ ក្រោមស្នាដៃខ្មាន់កាំភ្លើងម្នាក់។

គួរជម្រាបថា អ៊ីស្លង់ (Iceland) នៅតែបន្តជាប្រទេសមានសុខសន្តិភាពជាងគេបំផុតលើលោក ចាប់តាំងតែពីឆ្នាំ២០០៨មក ខណៈប្រទេសដែលនៅលំដាប់ថ្នាក់កំពូលៗនៃបញ្ជីនេះ គឺសុទ្ធតែជាប្រទេសអឺរ៉ុបរួមមាន អូទ្រីស ព័រទុយហ្គាល់ និងដាណឺម៉ាកជាដើម។ រីឯអាហ្វហ្គានីស្ថានវិញ នាឆ្នាំ២០១៩នេះ​បានក្លាយជាប្រទេសដែលអសន្តិសុខបំផុត នៅលើពិភពលោកជំនួសប្រទេសស៊ីរី ដោយស៊ីរីបានលោតឡើងទៅលើអាហ្វហ្គានីស្ថានវិញ៕