(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញការធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ជាផ្លូវការហើយកាលពីយប់ ថ្ងៃអង្គារ នៅឯទីក្រុងអូ័រឡេនដូ (Orlando) រដ្ឋផ្លូរីដា (Florida)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។

ស្ថិតនៅចំពោះមុខក្រុមអ្នកគាំទ្រ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំនៅចំពោះមុខអ្នកទាំងអស់នៅយប់នេះ គឺដើម្បីប្រកាសដាក់ចេញជាផ្លូវការ នូវការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងអាណត្តិទី២របស់ខ្ញុំ»។ ដោយឡែកនៅក្នុងសុន្ទរកថានោះដែរ លោក ត្រាំ បានលើកឡើងពីប្រធានបទសំខាន់ៗមួយចំនួនដូចជា បញ្ហាជនអន្តោប្រវេសន៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏ឆ្លៀតវាយប្រហារលើគណបក្សប្រជាធិបតេយ្យផងដែរ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី ៤៥ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីផ្ដួលអតីតបេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន។ លោកបានស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕