(ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យ មានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកមូលហេតុនៃការស្លាប់របស់អតីតប្រធានាធិបតី អេហ្ស៊ីប លោក Mohamed Mursi ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន 

Reuters នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

លោក Mohamed Mursi បានទទួលមរណភាពនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងវ័យ៦៧ឆ្នាំ ក្រោយ ដួលសន្លប់នៅក្នុងបន្ទប់សវនាការនៃតុលាការទីក្រុងគែរ។ លោក Mursi ដែលជាអតីត ប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីប សម័យទំនើប និងជាមេដឹកនាំអង្គការ Muslim Brotherhood ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីលោកត្រូវបានគេធ្វើរដ្ឋប្រហារយោធាទម្លាក់ពីអំណាចកាលពីឆ្នាំ២០១៣ មកម្លេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីប លោក Morsi បានទទួលមរណភាពដោយសារតែ ជំងឺគាំងបេះដូង។ ប៉ុន្តែ ក្រុមគ្រួសាររបស់លោក និងក្រុមសកម្មជនការពារសិទ្ធិមនុស្សមួយចំនួន បានអំពាវនាវឱ្យមានការស៊ើបអង្កេត ដោយបញ្ជាក់ថាអតីតប្រធានាធិបតីអេហ្ស៊ីបរូបនេះ មិនបាន ទទួលការព្យាបាលត្រឹមត្រូវនោះទេ ចំពោះបញ្ហាសុខភាពដូចជាជំងឺសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹក នោមផ្អែមជាដើម។

គួរបញ្ជាក់ថា លោក Mohamed Mursi បានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោត នៅឆ្នាំ២០១២។ ប៉ុន្តែ កាន់អំណាចបានត្រឹមតែមួយឆ្នាំ លោកត្រូវបានគេទម្លាក់ចេញពីតំណែង ដោយរដ្ឋប្រហារយោធានៅឆ្នាំ២០១៣៕