(ម៉ូស្គូ)៖ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងរាល់ការប៉ុនប៉ងវាយប្រហារ ពីសំណាក់សហរដ្ឋអាមេរិក ប៉ុន្តែនឹងមិនដាក់ពង្រាយមីស៊ីលរបស់ខ្លួននៅទីតាំងណាមួយឡើយ រហូតទាល់តែទីក្រុងវ៉ាស៊ីនតោនធ្វើរឿងបែបនេះមុន។ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដក ស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅចំពោះមុខសភាជាន់ទាប អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ក៏បានបញ្ជាក់ដែរថា យោធារុស្ស៊ីកំពុងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយៈចំងាយ ក្នុងគោលដៅបង្កើនសមត្ថភាពទប់ទល់នឹងមីស៊ីលអាមេរិក។

គួរជម្រាបថា ការលើកឡើងរបស់លោក Ryabkov ធ្វើឡើងក្រោយមន្ត្រីសភាជាន់ខ្ពស់រុស្ស៊ីម្នាក់ បានឱ្យដឹងថាទីក្រុងម៉ូស្គូ នឹងបង្កើនវត្តមានយោធានៅតាមតំបន់ព្រំដែនភាគខាងលិចនៃប្រទេស ជាការឆ្លើយទៅនឹងសហរដ្ឋអាមេរិក ដែលប្រកាសបញ្ជូនកងទ័ពបន្ថែមមកកាន់ប្រទេសប៉ូឡូញ៕