(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នាថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសលោកនឹងមិនធ្វើសង្រ្គាមតទល់​ជាមួយប្រទេសណាមួយឡើយ បន្ទាប់ពីសហរដ្ឋអាមេរិកទើបតែប្រកាសពីការដាក់ពង្រាយកម្លាំងយោធាបន្ថែមទៀតនៅមជ្ឈិមបូព៌ា។​ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

ក្តីព្រួយបារម្ភថា ការប្រឈមមុខដាក់គ្នានឹងផ្ទុះឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​ បានកើនឡើងរឹតតែខ្លាំង តាំងពីថ្ងៃព្រហស្បតិ៍​មក នៅ ពេលដែលកប៉ាល់ដឹកប្រេងពីរគ្រឿង បានទទួលរងការវាយប្រហារ នៅឯឈូងសមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រ Hormuz។ ហេតុការណ៍នោះ ត្រូវបានទីក្រុងវ៉ាស៊ីនតោនចេញមុខទម្លាក់កំហុសភ្លាមៗ មកលើប្រទេសអ៊ីរ៉ង់​ ប៉ុន្តែទីក្រុងតេហេរ៉ង់បានច្រាន​ចោលនូវការចោទប្រកាន់។

គួរជម្រាបថា ការកើនឡើងកម្តៅនៃភាពតានតឹងនេះ បានបង្កឲ្យមានការអំពាវនាវយ៉ាងទទូចឲ្យប្រុងប្រយ័ត្ន និងមានភាពអត់ធ្មត់ខ្ពស់​​ ពីសំណាក់អន្តរជាតិ រួមមានរុស្ស៊ីនិងចិន ដើម្បីកុំឲ្យស្ថានភាពកាន់តែស្មុគស្មាញ។ ខណៈទីក្រុងវ៉ាស៊ីនតោន បានប្រកាសថានឹង​បញ្ជូនកងទ័ពចំនួន១,០០០នាក់បន្ថែមពីលើគម្រោងដាក់ពង្រាយទ័ព១,៥០០នាក់របស់ លោក ដូណាល់ ត្រាំ កាលពីខែឧសភា ​លោក Rouhani នៅតែប្រកាន់គោលជំហរដដែលថា ប្រទេសលោកពុំមានបំណងចង់បង្កសង្រ្គាមជាមួយប្រទេសដទៃឡើយ៕