(ហុងកុង)៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃអង្គារនេះ បានចេញមុខសូមទោសជាថ្មីម្តងទៀត ដល់មហាជនទាំងអស់ទូទាំងហុងកុង ហើយលោកស្រីបានបញ្ជាក់ថា លោកស្រីបានលឺសំឡេងពួកគេច្បាស់ហើយ ក្រោយពីបាតុកម្មទ្រង់ទ្រាយដ៏ធំសម្បើម បានកើតឡើងនៅក្នុងទីក្រុងស្វយ័តចិនមួយនេះ ដើម្បីប្រឆាំងនឹងគម្រោងអនុម័តច្បាប់បត្យាប័ន យ៉ាងចម្រូងចម្រាស់មួយរបស់លោកស្រី រហូតបង្ខំឲ្យលោកស្រីសម្រេចផ្អាកផែនការនេះជាបណ្តោះអាសន្ន។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

លោកស្រី Lam បាននិយាយដូច្នេះថា «អំឡុងការធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅថ្ងៃអាទិត្យនៃពីរសប្តាហ៍កន្លងមកនេះ ពលរដ្ឋហុងកុងបានបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេ អំពីគម្រោងអនុម័តច្បាប់ស្តីពីការធ្វើបត្យាប័នឧក្រិដ្ឋជន (Fugitive Offenders Ordinance) ព្រមទាំងការពេញចិត្ត និងខកបំណងរបស់ពួកគេ ចំពោះរដ្ឋបាលទីក្រុងហុងកុង ហើយជាពិសេសគឺចំពោះរូបខ្ញុំតែម្តង។ ខ្ញុំបានលឺសំឡេងអ្នកទាំងអស់គ្នាច្បាស់ហើយ ហើយខ្ញុំក៏បានសញ្ចឹងគិតឡើងវិញ លើអ្វីដែលបានកើតឡើងមួយរយៈចុងក្រោយនេះដែរ។ ជាថ្មីម្តងទៀតខ្ញុំពិតជាសូមទោសដោយស្មោះពីចិត្ត ចំពោះប្រជាជនហុងកុងទាំងអស់»

គួរជម្រាបថា ទោះលោកស្រី Lam បានសម្រេចដកថយគោលជំហរ ដោយសុខចិត្តផ្អាកផែនការអនុម័តច្បាប់ដែលអនុញ្ញាតឲ្យ មានការធ្វើបត្យាប័នជនសង្ស័យទៅកាន់អាជ្ញាធរចិនដីគោក និងបណ្តាប្រទេសផ្សេងទៀតក៏ដោយ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មនុស្សប្រហែល ០២លាននាក់ (ប៉ូលិសហុងកុងអះអាងថាជាង ៣សែននាក់) បាននាំគ្នាបន្តធ្វើបាតុកម្មដើម្បីទាមទារឲ្យលោកស្រី Lam ចុះចេញពីតំណែង និងលុបផែនការនេះចោលទាំងស្រុងតែម្តង៕