(ហាណូយ)៖ ការរីករាលដាលនៃជំងឺប៉េសជ្រូក ហាក់ដូចជាគ្មានសញ្ញាថមថយនោះឡើយ នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈក្រសួងកសិកម្មវៀតណាមទើបតែចេញសេចក្តីប្រកាសថា សត្វជ្រូកប្រមាណជាង ២.៥លានក្បាលហើយត្រូវបានសម្លាប់ចោល ដើម្បីបង្ការការឆ្លងទៅគ្រប់ខេត្តក្រុងទាំង ៦៣ របស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

ក្រសួងកសិកម្មវៀតណាមបានឲ្យដឹងទៀតថា វីរុសកើតលើសត្វជ្រូលខាងលើនេះ ត្រូវបានរកឃើញតាំងតែពីខែកុម្ភៈមកម្ល៉េះ ហើយវាបានរីករាលដាលទៅដល់កសិដ្ឋាននៅក្នុង​ខេត្តក្រុងចំនួន ៥៨ ក្នុងចំណោមចខេត្តក្រុងទាំង ៦៣ របស់ប្រទេសនេះ ដោយសូម្បីតែរដ្ឋធានីហាណូយ ក៏គេចមិនផុតដែរ។ បន្ថែមពីនេះ​មន្ត្រីមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ថា «មិនយូរមិនឆាប់ វីរុសនេះប្រាកដជារីករាលដាលទៅគ្រប់ខេត្តក្រុងទាំង ៦៣ ជាក់ជាពុំខាន»

ដោយសារបានឃើញស្ថានភាពកាន់ធ្ងន់ធ្ងរ កាលពីខែមីនាកន្លងទៅនេះអង្គការកសិកម្ម និងចំណីអាហារ UN ហៅកាត់ថា ហ្វាវ (FAO) បានណែនាំឲ្យប្រទេសវៀតណាម​ប្រកាស​អាសន្នថ្នាក់ជាតិ ដើម្បីបង្កើនការទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េសជ្រូកអាហ្វ្រិក។ ទោះបីជាបែបនេះក្តី មន្ត្រីវៀតណាមធ្លាប់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះថា «យើងនឹងមិនទាន់ប្រកាសអាសន្នថ្នាក់ជាតិឡើយ ព្រោះវីរុសនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ហើយការផ្ទុះនេះទៀតសោត គឺមិនបានបង្កអសន្តិសុខដល់ជាតិនោះទេ...»

គួរបញ្ជាក់ថា សាច់ជ្រូកជាអាហារដ៏សំខាន់បំផុតមួយសម្រាប់ជនជាតិវៀតណាម​ ខណៈការបរិភោគសាច់ជ្រូកជាប្រចាំ គឺស្មើនឹងមួយភាគបីទៅហើយ ក្នុងចំណោមសាច់សត្វផ្សេងៗទៀត។ បច្ចុប្បន្នប្រជាជនវៀតណាមសរុបមានចំនួន ៩៥លាននាក់ ហើយកសិដ្ឋានចិញ្ចឹមជ្រូកសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញវិញមានជាង ៣០លានកន្លែង៕