(អេក្វាឌ័រ)៖ សា្ថនីយទូរទស្សន៍អាមេរិកឡាទីន តេឡេហ្សួ (Telesur) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចេញផ្សាយព័ត៌មានរសើបមួយថា រដ្ឋាភិបាលអេក្វាឌ័របានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់ទីប្រជុំកោះ ហ្គាឡាផាហ្គោស (Galapagos) ជាមូលដ្ឋានមួយសម្រាប់យន្ដហោះរបស់កងទ័ពអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

ការលើកឡើងខាងលើរបស់សា្ថនីយទូរទស្សន៍ Telesur ធ្វើឡើងដោយផ្អែកលើការស្រង់សម្ដីពី រដ្ឋមន្ត្រីការពារជាតិអេក្វាឌ័រ លោក អូស្វាលដូ ហ្សារីន (Oswaldo Jarrin)។ Telesur បានបញ្ជាក់ទៀតថា យន្ដហោះស៊ើបការណ៍អាមេរិក ឡុកឃីងភីស្រ៊ីអូរៀន (Lockheed P-3 Orion) និងយន្ដហោះ Boeing 707 មួយគ្រឿងដែលបំពាក់ដោយប្រព័ន្ធរ៉ាដារយៈចំងាយឆ្ងាយ នឹងធ្វើប្រតិបត្តិការចេញពីអាកាសយានដ្ឋាន សានគ្រីស្តូបាល (San Cristobal) ដែលមានទីតាំងស្ថិតនៅលើកោះ Galapagos។

ទោះបីជាមានសេចក្តីរាយការណ៍ខាងលើនេះក្តី ក៏អាជ្ញាធរអេក្វាឌ័របានអះអាងថា អាកាសយានដ្ឋាន San Cristobal នឹងមិនក្លាយជា
មូលដ្ឋានផ្លូវការណាមួយសម្រាប់យោធាអាមេរិកនោះទេ រីឯក្រុមមន្ត្រីអាមេរិកក៏បានបដិសេធ ផងដែរចំពោះសេចក្ដីរាយការណ៍របស់ Telesur ដោយបញ្ជាក់ថា គ្មានកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអេក្វាឌ័រពាក់ព័ន្ធនឹងបញ្ហាខាងលើកំពុងធ្វើឡើងនោះឡើយ៕