(ឡុងដ៍)៖ ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស និងប្រទេសចិនបានចុះកិច្ចព្រមព្រៀងថ្មីៗសរុបទំហំ ៥០០លានផោនស្មើនឹង ៦២៧លានដុល្លារសហរដ្ឋអាមេរិក ដែលនឹងផ្តល់ការងាររាប់រយកន្លែង​នៅប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា កិច្ចព្រមព្រៀងស្តីពីវិស័យធុរកិច្ចថ្មីៗទំហំ ៥០៣លានផោន ត្រូវបានចុះហត្ថលេខាដោយបណ្តាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស និងចិន ខណៈដែលកិច្ចសន្ទនាលើកទី ១០ ស្តីពីវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអង់គ្លេស-ចិន បានប្រព្រឹត្តទៅក្នុងទីក្រុងឡុងដ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

ម៉្យាងវិញទៀតកិច្ចព្រមព្រៀងមួយស្តីពីផលិតផលសាច់គោ ក៏ត្រូវបានចុះហត្ថលេខាផងដែរ ដែលវានឹងបើកផ្លូវឲ្យក្រុមហ៊ុនអង់គ្លេស ចូលក្នុងទីផ្សារចិនឡើងវិញនៅចុងឆ្នាំនេះ។ កិច្ចព្រមព្រៀងនេះសំដៅបញ្ចប់បម្រាមមួយ ដែលមានរយៈពេលជាងពីរទសវត្សរ៍មក ក្រោយពីទីក្រុងប៉េកាំងបានបិទការនាំចូលសាច់គោ ពីចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៩៦។

គួរជម្រាបថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនរបស់ប្រទេសទាំងពីរ បានកើតមានស្របពេលដែលចិន កំពុងជាប់គាំងក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ជិតស្និទ្ធរបស់ចក្រអង់គ្លេស។ កិច្ចព្រមព្រៀងខាងលើនេះត្រូវបានគេរំពឹងថា នឹងផ្តល់ការងារប្រមាណជិត ២០០កន្លែង សម្រាប់ប្រជាជនអង់គ្លេស៕