(ញូដេលី)៖ ជាមួយសីតុណ្ហភាពកើនឡើងរហូតដល់៥០អង្សាសេ មនុស្សសរុប៣៦នាក់ហើយ បានបាត់បង់ជិវិតនៅ​ប្រទេសឥណ្ឌា គិតចាប់តាំងពីរលកកម្តៅបានចាប់ផ្តើមកាលពីខែឧសភាមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀល​ថ្ងៃ​អាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩។

បើតាមរដ្ឋាភិបាលឥណ្ឌា ការមិនទាន់មកដល់នៃទឹកភ្លៀងរដូវវស្សា នឹងត្រូវបង្ខំឲ្យប្រជាជនឥណ្ឌាស៊ូទ្រាំជាមួយ​កម្តៅ​ដ៏ខ្លាំង​ក្លានេះ​​យូរ​បន្ត​ទៀត ខណៈរលកកម្តៅនៅក្នុងប្រទេសឥណ្ឌា បានបន្តមានសភាពធ្ងន់ធ្ងរទៅៗ ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយជាលទ្ធផលមនុស្សរាប់ពាន់នាក់មកហើយ បានបាត់បង់ជីវិត ដោយសារស៊ូទ្រាំនឹងសីតុណ្ហភាពមិនបាន។

គួរជម្រាបថា ឆ្នាំនេះ ការកើនឡើងកម្តៅអាកាសធាតុ បានគ្របដណ្តប់លើរដ្ឋជាច្រើន ដែលស្ថិតនៅភាគកណ្តាល និងភាគខាង​ជើងនៃប្រទេសឥណ្ឌា ហើយរដ្ឋដែលរងឥទ្ធិពលខ្លាំងជាងគេ រួមមាន Madhya Pradesh, Maharashtra, Rajasthan និង Uttar Pradesh៕