(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលសេចក្តីព័ត៌មានរបស់កាសែតអាមេរិក The New York Times ស្តីពីសន្ទុះកើនឡើងនៃវាយប្រហារតាមផ្នែកព័ត៌មានវិទ្យារបស់សហរដ្ឋអាមេរិក ទៅលើប្រទេសរុស្ស៊ី។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ នាយប់ថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានបង្ហោះសារលើបណ្តាសង្គម Twitter ថា «តើអ្នកជឿទេ កាសែត New York Times ទើបចុះផ្សាយថា សហរដ្ឋអាមេរិកកំពុងខិតខំបង្កើនការវាយប្រហារផ្នែកព័ត៌មានវិទ្យាលើ​ប្រទេសរុស្ស៊ី។ នេះគឺជាទង្វើមួយប្រឆាំងជាតិឯងតាមអនឡាញ របស់​កាសែតដែលពីមុនមកធ្លាប់តែអស្ចារ្យ ប៉ុន្តែដល់ឥឡូវខំត្រដរ​ធ្វើព័ត៌មានឲ្យតែបានៗ ទោះបីជាវាអាក្រក់ដល់ប្រទេសយើងក៏ដោយ។ ម៉្យាងវិញទៀត ព័ត៌មាននេះពុំមែនជាការពិតឡើយ»។​

គួរជម្រាបថា នាថ្ងៃដដែលនេះ កាសែត The New York Times ដោយយោងលើប្រភពពីក្រុមមន្រ្តីរដ្ឋាភិបាលអាមេរិក ដែលពុំមាន​បញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងបង្កើនការវាយប្រហារតាមផ្នែកព័ត៌មានវិទ្យាទៅលើប្រទេសរុស្ស៊ី​​ ដើម្បីបង្ហាញពីការប្តេជ្ញារបស់លោក ដូណាល់ ត្រាំ ក្នុងការប្រើប្រាស់អាវុធផ្នែកព័ត៌មានវិទ្យាឲ្យសកម្មខ្លាំងក្លាជាងមុន៕