(ញូដេលី)៖ ចាប់ពីថ្ងៃអាទិត្យនេះតទៅ ប្រទេសឥណ្ឌានឹងចាប់ផ្តើមយកពន្ធខ្ពស់ជាងមុន លើទំនិញចំនួន២៨មុខ ដែលនាំចូលមកពី​សហរដ្ឋអាមេរិក ដែលចំណាត់ការនេះធ្វើឡើងក្រោយទីក្រុងវ៉ាស៊ីនតោន សម្រេចដកហូតសិទ្ធិទទួលបានការអនុគ្រោះពន្ធពីទីក្រុង​ញូដេលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋាភិបាលឥណ្ឌាបានសម្រេចធ្វើបែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៥ ខែមិថុនានេះ បាន​​បញ្ឈប់ការអនុគ្រោះពន្ធសម្រាប់ឥណ្ឌា នៅក្រោមប្រព័ន្ធផែនការអនុគ្រោះពន្ធទូទៅ GSP ខណៈឥណ្ឌាគឺជាប្រទេសដែលទទួល​បាន​ប្រយោជន៍ធំធេងជាងគេ។ ក្នុងឆ្នាំ២០១៨ ទីក្រុងញូដេលីត្រូវបានអនុញ្ញាតឲ្យនាំទំនិញ ដែលគិតជាទំហំទឹកប្រាក់រហូតដល់​៥.៦ពាន់លានដុល្លារ ចូលក្នុងទឹកដីអាមេរិក ដោយមិនជាប់ពន្ធនោះឡើយ។

គួរជម្រាបថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នឹងត្រូវមកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងខែមិថុនានេះ​​។ ក្នុងសប្តាហ៍នេះ លោក Pompeo ក៏ធ្លាប់បាននិយាយដែរថា អាមេរិកស្វាគមន៍ការចរចាគ្នា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម​ជាមួយឥណ្ឌា។ លោក ត្រាំ បានសម្រេចកាត់ឈ្មោះឥណ្ឌាចេញពីផែនការ GSP ព្រោះលោកអះអាងថា ឥណ្ឌាមិនបើកចំហរ​ទីផ្សារ​ធំទូលាយគ្រប់​គ្រាន់ សម្រាប់ក្រុមហ៊ុនអាមេរិក៕