(វ៉ាស៊ីនតោន)៖ សភាពាណិជ្ជកម្មអាមេរិក ដែលជាអង្គការដ៏មានឥទ្ធិពលមួយនៅសហរដ្ឋអាមេរិក បានអះអាងជាថ្មីពីការជំទាស់ទៅនឹងការដំឡើងពន្ធបន្ថែមលើផលិតផលនាំចូលពីចិន របស់សេតវិមាន ខណៈការដំឡើងពន្ធនេះកំពុងបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសទាំង២។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ សភាពាណិជ្ជកម្មអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖ «ការដំឡើងពន្ធ២៥ភាគរយ ឬមានតម្លៃស្មើនឹង២៥០ពាន់លានដុល្លារដែល មានស្រាប់លើផលិតផលនាំចូលពីចិន បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មរវាង ប្រទេសទាំង២ ជាពិសេសគឺលើក្រុមកសិករតែម្តង...ដូច្នេះគម្រោងដំឡើងពន្ធបន្ថែមមានតម្លៃ ៣០០ពាន់ លានដុល្លារលើផលិតផលចិន នឹងកាន់តែបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើង»

គួរបញ្ជាក់ថា បើតាមសភាពាណិជ្ជកម្មអាមេរិក សហរដ្ឋអាមេរិក និងចិន គួរតែត្រឡប់ទៅរកតុចរចា សាជាថ្មី ដើម្បីរកវិធីដោះស្រាយជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន ដែលកំពុងបង្កការព្រួយបារម្ភដល់សេដ្ឋកិច្ច ពិភពលោកទាំងមូល៕