(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់ទុកការលើកឡើងរបស់ លោកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ដែលថារដ្ឋបាលរបស់លោកកំពុងបិទបាំងបទឧក្រិដ្ឋជាច្រើន គឺជាសេចក្ដីថ្លែងការណ៍រើសអើង ហើយថែមទាំងហៅប្រធានសភាអាមេរិករូបនេះជា «មនុស្សខូចសសៃប្រសាទផងដែរ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ត្រាំ បានលើកឡើងដូច្នេះថា «វាគឺជាសេចក្ដីថ្លែងការណ៍បែបរើសអើង និងមិនអាចអត់ឱនឱ្យបាន... ដូច្នេះខ្ញុំសូមហៅគាត់ (លោកស្រី Nancy Pelosi) ជាមនុស្សខូចសសៃប្រសាទ»។ លើសពីនេះទៅទៀតលោក ដូណាល់ ត្រាំ ក៏បានថ្កោលទោសផងដែរ ចំពោះការស៊ើបអង្កេតរបស់សភាដឹកនាំដោយបក្ស ប្រជាធិបតេយ្យលើរដ្ឋបាលរបស់លោក។

គួរបញ្ជាក់ថា សង្រ្គាមពាក្យសម្ដីរវាងប្រធានសភាអាមេរិកនៃបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi និងលោក ដូណាល់ ត្រាំ បានផ្ទុះឡើងខ្លាំងតាំងតែពីខែឧសភាមកម្ល៉េះ បន្ទាប់ពីលោកស្រី Pelosi លើកឡើងថា ចង់ឃើញលោក ត្រាំ ដេកក្នុងគុក ជាជាងត្រូវបានគេទម្លាក់ចេញពីតំណែងជាប្រធានាធិបតីអាមេរិក៕