(ការ៉ាកាស់)៖ ប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ បាននាំប្រញប់ប្រញាល់ឆ្លងពំ្រដែនចូលទៅ ក្នុងប្រទេសប៉េរ៉ូ ឱ្យបានមុនអាជា្ញធរប៉េរូរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ចាប់ពីពាក់កណ្ដាលយប់ ថ្ងៃសៅរ៍នេះតទៅ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។

ចាប់ពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍នេះតទៅ ប្រជាជនវេណេស៊ុយអេឡាទាំងអស់ត្រូវតែមានលិខិត ឆ្លងដែន និងទិដ្ឋាការដែលមានសុពលភាព ទើបអាចចូលទៅក្នុងប្រទេសប៉េរូបាន។ ការតម្រូវបែប នេះហើយ ធ្វើឱ្យប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ នាំគ្នាធ្វើដំណើរពីអេក្វាឌ័រសម្រុកចូលទៅ​ក្នុងប្រទេសប៉េរូ ដោយគ្រាន់តែកាលពីថ្ងៃព្រហស្បតិ៍នេះប៉ុណ្ណោះ មនុស្សម្នាប្រមាណ ៥,៨៤៩នាក់ ទៅហើយបានចូលទៅដល់ទឹកដីប៉េរូ។

គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ ប្រជាជនវេណេស៊ុយអេឡាជាង ៤លាននាក់បានរត់ចេញទៅក្រៅប្រទេស ជាពិសេសគឺទៅកាន់ប្រទេសក្បែរខាង ក្នុងគោលបំណងកសាងជីវិតថ្មី ស្វែងរកការងារ និងគេចចេញពីវិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេសរបស់ពួកគេគិតចាប់តាំងពីឆ្នាំ២០១៥៕